(ភ្នំពេញ)៖ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំប្រទេសកម្ពុជា បានស្នើដល់ម្ចាស់អាជីវកម្មទូទាំងប្រទេស និងបងប្អូនប្រជាពលរដ្ឋត្រូវមានការយល់ដឹង និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបម្រើភ្ញៀវទេសចរ និងផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ទៅកាន់ពិភពលោក។
បន្ថែមពីនេះ លោកបានអំពាវនាវដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ អ្នកផលិតផលិតផលទេសចរណ៍ ត្រូវផលិតនូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទទួលភ្ញៀវទេសចរ កុំពឹងលើផលិតផលទេសចរដដែលៗ។
ការលើកឡើងរបស់លោក ធួន ស៊ីណាន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «អនាគតនៃកំណើនវិស័យទេសចរណ៍កម្ពុជា»។
លោកបានថ្លែងឲ្យដឹងថា ដើម្បីជំរុញទាក់ទាញទេសចរណ៍ត្រូវតែបង្កើនជើងយន្ដហោះ ត្រូវបង្កើតការផ្សព្វផ្សាយគោលដៅ ទេសចរណ៍របស់កម្ពុជា។ ដូច្នេះនៅពេលរាជរដ្ឋាភិបាល ផ្សព្វផ្សាយគោលដៅទេសចរណ៍ អាជីវករទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ត្រូវរួមគ្នាយល់ដឹងពីគោលដៅផ្សព្វផ្សាយ របស់រាជរដ្ឋាភិបាល។
លោកបញ្ជាក់បន្ថែមថា ម្ចាស់អាជីវកម្មទាំងអស់ទូទាំងប្រទេស ត្រូវមានការយល់ដឹង និងចូលរួមដើម្បីបម្រើក្នុងទីផ្សារទេសចរណ៍ជាមួយរដ្ឋាភិបាល ទើបទីផ្សារដើរដោយរលូន មែនទែនទៅម្ចាស់អាជីវកម្ម ពុំសូវចូលរួមក្នុងការផ្សព្វផ្សាយនោះទេ មានម្ចាស់អាជីវកម្មខ្លះ អាចធ្វើសណ្ឋាគារក្នុងតម្លៃ១០លានដុល្លារ ប៉ុន្ដែមិនហ៊ានចាយ ១ពាន់ដុល្លារ ដើម្បីធ្វើទីផ្សារផ្សព្វផ្សាយឡើយ ដោយសារតែពួកគាត់មិនសូវយល់ដឹងពីសារៈសំខាន់នៃការផ្សព្វផ្សាយ ដូច្នេះបើមិនមានការផ្សព្វផ្សាយនោះទេ យើងមិនអាចឆ្ពោះទៅរក ការប្រកួតប្រជែងជាសកលលោកឡើយ៕
សូមស្តាប់ការលើកឡើងរបស់លោក ធួន ស៉ីណាន៖