(ភ្នំពេញ)៖ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជា គឺជាកត្តាសំខាន់បំផុត ក្នុងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ពិភពលោកឱ្យមកទស្សនានៅកម្ពុជា។
លោកលើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «អនាគតនៃកំណើនវិស័យទេសចរណ៍កម្ពុជា»។
លោកមានប្រសាសន៍ថា ដើម្បីធ្វើឱ្យកម្ពុជា កាន់តែទទួលបានភាពទាក់ទាញពីភ្ញៀវទេសចរអន្តរជាតិ អ្វីដែលត្រូវធ្វើគឺ កត្តាទី១ ការអនុវត្តច្បាប់ និងកត្តាទី២ គឺការផ្លាស់ប្តូរផ្នត់គំនិតសង្គម ទាំងមន្រ្តី និងប្រជាជន។
លោកមើលឃើញថា ប្រសិនមន្រ្តីបម្រើសេវានៅតាមច្រកទ្វារអន្តរជាតិ មិនអនុវត្តតួនាទីភារកិច្ចខ្លួនឱ្យបានល្អ និងមានគំនិតចង់បានលុយពីភ្ញៀវទេសចរទៀត បើទោះបីសម្តេចនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ព្យាយាមផ្សព្វផ្សាយក៏ដោយ ក៏នៅតែគ្មានប្រសិទ្ធិនោះទេ។ ទន្ទឹមគ្នា ការចូលចិត្តផ្សព្វផ្សាយ និងចែករំលែកព័ត៌មានមិនល្អច្រើនជាងព័ត៌មានល្អ ក៏ជះឥទ្ធិពលដល់ការសម្រេចចិត្តមកទស្សនារបស់ភ្ញៀវផងដែរ។
បន្ថែមពីនេះ លោកក៏ចង់ឱ្យភាគីពាក់ព័ន្ធ រួមគ្នាធ្វើឱ្យប្រសើរឡើងទៅលើផលិតផលទេសចរណ៍នៅកម្ពុជា ដើម្បីផ្សព្វផ្សាយទៅកាន់អន្តរជាតិ លើសពីអង្គរវត្ត៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់លោក ធួន ស៊ីណាន៖