(ភ្នំពេញ)៖ ធ្យូងសរីរាង្គ ឬធ្យូងអនាម័យ ដែលត្រូវបានផលិតចេញពីត្រឡោកដូង និងកាកសំណល់មួយចំនួនទៀត ដូចជាសំបកដូង និងសំបកត្នោតជាដើម កំពុងទទួលបានការចាប់អារម្មណ៍ពីទីផ្សារអន្តរជាតិ ខណៈការផលិតនៅមានចំនួនតិចតួចនៅឡើយ។
លោក ជុំ វិចិត្ត នាយកប្រតិបត្តិក្រុមហ៊ុន ខ្មែរហ្រ្គីន ឆាលខល បានឱ្យដឹងថា បច្ចុប្បន្នខាងកូរ៉េខាងត្បូង ជប៉ុន អារ៉ាប់រួម បានបង្ហាញការចាប់អារម្មណ៍ក្នុងការនាំចូលធ្យូងសរីរាង្គ ឬធ្យូងអនាម័យទៅកាន់ទីផ្សារពួកគេ។ ការចាប់អារម្មណ៍នាំចេញធ្យូងសរីរាង្គនេះ ដោយសារប្រទេសទាំងនោះយកចិត្តទុកដាក់ខ្លាំង ទៅលើការប្រែប្រួលអាកាសធាតុ ហេតុដូច្នេះហើយទើបពួកគេជំរុញឱ្យប្រើប្រាស់ធ្យូងកែច្នៃនេះ។
តែយ៉ាងនេះក្តី បរិមាណតែពួកគេបញ្ជាទិញ ខ្មែរហ្រ្គីន ឆាខល មិនមានលទ្ធភាពក្នុងផលិតតាមតម្រូវការនោះ នាពេលបច្ចុប្បន្ននេះ។
បើតាមលោក ជុំ វិចិត្ត បច្ចុប្បន្ននេះ ការផលិតធ្យូងអនាម័យ ឬធ្យូងសរីរាង្គ ដែលកំពុងផ្គត់ផ្គង់ក្នុងស្រុក មានបរិមាណត្រឹមតែពី១០០តោនទៅ១២០តោនប៉ុណ្ណោះ ខណៈយោងតាមរបាយការណ៍របស់ UNDP ក្នុងមួយឆ្នាំការប្រើប្រាស់ធ្យូងនៅកម្ពុជា មានបរិមាណជាង ៤០ម៉ឺនតោន។
លោកបានឱ្យដឹងថា តាមរយៈការចុះអនុស្សារណៈរវាងក្រុមហ៊ុន ហេរីធេចគ្រុប និងខ្មែរហ្រ្គីន ឆាលខល ដែលធ្វើឡើងនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នឹងជួយជំរុញឱ្យផលិតធ្យូងសរីរាង្គទៅតាមផែនការ ដែលគ្រោងផលិតឱ្យបាន៣០០ ទៅ៥០០តោន ក្នុងមួយខែនៅឆ្នាំ២០២៥ ដើម្បីធ្វើការនាំចេញទៅទីផ្សារអន្តរជាតិ។
លោកបន្តថា «បន្ទាប់ពីចុះអនុស្សារណៈនេះ យើងនឹងបន្តបេសកកម្មបង្កើនការផលិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ក៏ដូចជាទីផ្សារអន្តរជាតិ។ ដោយសារយើងមើលឃើញទីផ្សារវាធំ ដូច្នេះហើយបានយើងសហការជាមួយនឹង ហេរីធេច ដើម្បីបង្កើនការផលិត ដើម្បីឆ្លើយតបតម្រូវការពួកគាត់ ព្រោះបច្ចុប្បន្ននៅពេលដែលគាត់ទាក់ទងមកពួកយើង បរិមាណដែលគាត់បញ្ជាទិញវាលើសពីអ្វីដែលយើងផលិត»។
ទន្ទឹមគ្នានេះ លោកក៏ជំរុញឱ្យពលរដ្ឋខ្មែរ ងាកមកប្រើប្រាស់ធ្យូងសរីរាង្គ ឬធ្យូងអនាម័យផងដែរ ព្រោះការប្រើប្រាស់ធ្យូងអនាម័យនេះ នឹងជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ជួយគ្រប់គ្រងការកាកសំណល់មួយចំនួន និងជួយបង្កើតការងារដល់ប្រជាជនឱ្យមានការងារធ្វើ។
សូមបញ្ជាក់ថា ធ្យូងសរីរាង្គ ឬធ្យូងអនាម័យ ត្រូវបាន ខ្មែរហ្រ្គីន ឆាលខល ចាប់ផ្តើមផលិតតាំងពីឆ្នាំ២០០៨ ដែលមានរយៈពេលជាង១៨ឆ្នាំហើយ។ ការផលិតធ្យូងនេះ ដោយមើលឃើញពីសក្តានុពល នៃផលិតផលដែលបានកែច្នៃចេញពីសំណល់ និងធ្វើឱ្យមាននិរន្តភាព សម្រាប់ប្រើប្រាស់ធ្យូង៕