(ព្រុចសែល)៖ ការស្ទង់មតិថ្មីមួយបានបង្ហាញថា សេដ្ឋវិទូរំពឹងថាអតិផរណាសកលនឹងនៅតែមានអត្រាខ្ពស់យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៨។ ការស្ទង់មតិនេះអាចបង្កើនក្តីបារម្ភរបស់ទីផ្សារអំពីសម្ពាធតម្លៃទំនិញប្រើប្រាស់។
ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់ការសិក្សាប្រចាំត្រីមាសដែលធ្វើឡើងដោយវិទ្យាស្ថាន Ifo របស់អាល្លឺម៉ង់ និងវិទ្យាស្ថានគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសស្វីសដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា សេដ្ឋវិទូទាំងនោះបានព្យាករថា អតិផរណាជាមធ្យមនឹងមានអត្រា ៣,៥% ក្នុងរយៈពេលបីឆ្នាំ ដែលទាបជាងបន្តិចធៀបនឹងអត្រា ៣,៩% ដែលរំពឹងថានឹងកើតមាននៅឆ្នាំ២០២៥នេះ។ អ្នកជំនាញជិត ១ ៤០០នាក់មកពី ១២៥ប្រទេសបានចូលរួមក្នុងការស្ទង់មតិនេះកាលពីដើមខែធ្នូ។
លោក Niklas Potrafke នាយកមជ្ឈមណ្ឌល Ifo សម្រាប់ហិរញ្ញវត្ថុសាធារណៈនិងសេដ្ឋកិច្ចនយោបាយបានប្រាប់ Bloomberg News ថា៖ «ការរំពឹងទុកពីអតិផរណានៅតែខ្ពស់ជាងអត្រាអតិផរណាដែលជាគោលដៅរបស់ធនាគារកណ្តាលរបស់ប្រទេសជាច្រើន»។ លោកបានបន្ថែមថា៖ «ការកាត់បន្ថយអត្រាការប្រាក់គោលទំនងជានឹងមិនកើតមានទេដោយសារការរំពឹងទុកពីអតិផរណាទាំងនេះ»។
ទិន្នន័យថ្មីៗនៅសហរដ្ឋអាមេរិកនិងតំបន់ចាយប្រាក់អឺរ៉ូបានជំរុញឱ្យមានការព្រួយបារម្ភថា កំណើនតម្លៃទំនិញប្រើប្រាស់អាចបង្ហាញពីការណ៍ដែលពិបាកនឹងធ្លាក់ចុះជាងការគិត និងបាននាំឱ្យមានការកំណត់ឡើងវិញជាសកលនៃការរំពឹងទុកពីការកាត់បន្ថយអត្រាការប្រាក់ ជាពិសេសសម្រាប់ធនាគារកណ្តាលអាមេរិក។
យោងតាមការស្ទង់មតិនេះបានបង្ហាញថា ការរំពឹងទុកពីតម្លៃទំនិញប្រើប្រាស់បានកើនឡើងជាពិសេសនៅតំបន់អាមេរិកខាងជើង។ នៅឆ្នាំ២០២៥ ក្រុមអ្នកជំនាញមើលឃើញថា អតិផរណាជាមធ្យមនឹងមានអត្រា ២,៦% ពោលគឺកើនឡើង ០,២% ពីការស្ទង់មតិកន្លងមកក្នុងត្រីមាសទីបី។ អត្រាអតិផរណាត្រូវបានព្យាករថានឹងមាន ២,៨% ក្នុងឆ្នាំ២០២៦ និង ២,៩% ក្នុងឆ្នាំ២០២៨។
ខណៈពេលដែលក្រុមសេដ្ឋវិទូមើលឃើញថា អត្រាអតិផរណានឹងមាន ២% ក្នុងឆ្នាំ២០២៨ សម្រាប់តំបន់អឺរ៉ុបខាងលិច ពួកគេក៏បានព្យាករផងដែរថា តំបន់អឺរ៉ុបខាងត្បូងនឹងជួបប្រទះអត្រាអតិផរណា ២,៧% និង ២,៥% នៅតំបន់អឺរ៉ុបខាងជើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News៕