(ព្រុចសែល)៖ ប្រទេសចំនួន១០ នៃសហភាពអឺរ៉ុបកំពុងជំរុញឱ្យមានការរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីដោយការដាក់រឹតបន្តឹងបន្ថែមទៀតលើឧស្ម័នធម្មជាតិ និងជំរុញការអនុវត្តការកំណត់តម្លៃប្រេងរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

ក្រុមប្រទេសសម្ព័ន្ធមិត្តទាំង១០ ដែលរួមមានស៊ុយអែត អៀរឡង់ ប៉ូឡូញ ដាណឺម៉ាក ហ្វាំងឡង់ សាធារណរដ្ឋឆេក រូម៉ានី និងប្រទេសនៅសមុទ្របាល់ទិកទាំងបី ចង់ហាមឃាត់ការនាំចូលឧស្ម័នតាមបំពង់បង្ហូរឧស្ម័ន និងឧស្ម័នធម្មជាតិរាវទៅកាន់ប្លុកអឺរ៉ុបដើម្បីដាក់កម្រិតលើប្រាក់ចំណូលដែលវិមានក្រឹមឡាំងប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

បើទោះបីជាសហភាពអឺរ៉ុបបានហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីរួចហើយក៏ ក៏ការពឹងផ្អែករបស់ប្រទេសមួយចំនួននៅអឺរ៉ុបលើឧស្ម័នពីទីក្រុងម៉ូស្គូបានរារាំងសហគមន៍នេះពីការដាក់ទណ្ឌកម្មប្រេងរុស្ស៊ី។ វិធានការរឹតត្បិតទាមទារឱ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីរដ្ឋសមាជិកទាំង ២៧របស់សហភាពអឺរ៉ុប ដែលបានក្លាយជាឧបសគ្គកាន់តែពិបាក ដោយនាយករដ្ឋមន្ត្រីរបស់ប្រទេសហុងគ្រីគឺលោក Viktor Orban បង្ហាញការជំទាស់ដោយចំហរទៅនឹងវិធានការបែបនេះ។

ប្រទេសទាំង ១០នេះបានឱ្យដឹងនៅក្នុងឯកសារមួយដែលទីភ្នាក់ងារព័ត៌មាន Bloomberg News ទទួលបានថា៖ «ក្នុងនាមជាគោលដៅបញ្ចប់ វាចាំបាច់ក្នុងការហាមឃាត់ការនាំចូលឧស្ម័ន និងឧស្ម័នធម្មជាតិរាវ LNG របស់រុស្ស៊ីំឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន»។ ប្រទេសទាំងនេះបានបន្ថែមទៀតថា៖ «ជម្រើសមួយចំពោះការហាមប្រាមទាំងស្រុងអាចជាការកាត់បន្ថយបន្តិចម្តងៗនូវការប្រើប្រាស់ឧស្ម័ន និងឧស្ម័នធម្មជាតិរាវ LNG របស់រុស្ស៊ី ដូចដែលបានកំណត់រួចហើយនៅក្នុងផែនទីបង្ហាញផ្លូវ RePowerEU»

យុទ្ធសាស្ត្រ RePowerEU ដែលត្រូវបានអនុម័តដោយប្លុកអឺរ៉ុបនៅឆ្នាំ២០២២ ដើម្បីធ្វើឱ្យសង្រ្គាមរុស្ស៊ីចុះខ្សោយ មានគោលបំណងលុបបំបាត់ឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី ធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពល និងជំរុញប្រភពថាមពលកកើតឡើងវិញ។ គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបចង់បង្ហាញផែនការលម្អិតនៅខែក្រោយដើម្បីកាត់បន្ថយថាមពលពីទីក្រុងម៉ូស្គូ។

ប៉ុន្តែអឺរ៉ុបបាននិងកំពុងមើលយ៉ាងភ័យខ្លាចនៅពេលដែលតម្លៃឧស្ម័នឡើងថ្លៃដោយសារអាកាសធាតុត្រជាក់ និងទណ្ឌកម្មថ្មីរបស់អាមេរិកលើថាមពលរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News៕