(ប៉េកាំង)៖ ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានបង្ហាញកាលពីថ្ងៃចន្ទថា ការនាំចេញរថយន្តរបស់ប្រទេសចិនត្រូវបានរំពឹងថានឹងកើនឡើង ៥,៨ភាគរយដល់ ៦,២លានគ្រឿងនៅឆ្នាំនេះ ពោលគឺថយចុះពីកំណើន ១៩,៣ភាគរយក្នុងឆ្នាំ២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការធ្លាក់ចុះកំណើននាំចេញដែលត្រូវបានប៉ាន់ប្រមាណនេះមានភាពផ្ទុយគ្នានឹងកំណើនតិចតួចនៃការលក់រថយន្តនៅក្នុងប្រទេសចិនដែលត្រូវបានព្យាករថានឹងកើតមាននៅឆ្នាំនេះ ដោយសារការលើកទឹកចិត្តផ្នែកគោលនយោបាយបន្ថែមត្រូវបានរំពឹងថានឹងជំរុញការលក់នៅក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោកមួយនេះ។
សមាគមក្រុមហ៊ុនផលិតរថយន្តចិន CAAM មិនបានផ្តល់ទិន្នន័យលម្អិតនៃការព្យាករការនាំចេញតាមប្រភេទម៉ាស៊ីននោះទេ ប៉ុន្តែសមាគមបានឱ្យដឹងថា ការនាំចេញរថយន្តអគ្គិសនីបានធ្លាក់ចុះ ១០,៤ភាគរយកាលពីឆ្នាំមុន ខណៈដែលការនាំចេញរថយន្តកូនកាត់ plug-in កើនឡើង ១៩០ភាគរយ។
ការធ្លាក់ចុះការនាំចេញរថយន្តអគ្គិសនីនេះកើតមានឡើងបន្ទាប់ពីទទួលបានកំណើន ៨០,៩ភាគរយក្នុងឆ្នាំ២០២៣ នៅពេលដែលការនាំចេញរថយន្តកូនកាត់បានកើនឡើង ៤៧,៨ភាគរយ និងកើតមានឡើងដោយសារផលជះនៃវិធានការដកហូតពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិន ដែលបានដាក់ចេញដោយសហភាពអឺរ៉ុបនៅចុងខែតុលាឆ្នាំមុន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែតុលាថា ប្រទេសចិនបានប្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនឱ្យបញ្ឈប់ការវិនិយោគទំហំធំនៅក្នុងបណ្តាប្រទេសនៅអ៊ឺរ៉ុបដែលគាំទ្រវិធានការដកហូតពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិន។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសចិនកំពុងឈានទៅរកការនាំចេញរថយន្តកូនកាត់ទៅកាន់អឺរ៉ុប ដើម្បីប្រឆាំងនឹងពន្ធបន្ថែមលើរថយន្តអគ្គិសនី។
ការលក់រថយន្តនៅក្នុងប្រទេសចិនត្រូវបានព្យាករថានឹងកើនឡើង ៤,៧ភាគរយដល់ ៣២,៩លានគ្រឿងនៅឆ្នាំនេះ បន្ទាប់ពីការកើនឡើង ៤,៥ភាគរយក្នុងឆ្នាំ២០២៤ នេះបើយោងតាមសមាគម CAAM ។ សមាគមរំពឹងថាកំណើនលក់រថយន្តថាមពលថ្មី (NEVs) ដែលរួមមានរថយន្តអគ្គិសនីនិងរថយន្តកូនកាត់នឹងមានការថយចុះមកនៅត្រឹម ២៤,៤ភាគរយក្នុងឆ្នាំ២០២៥ ពីកំណើន ៣៥,៥ភាគរយកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕