Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការនាំចេញរថយន្តរបស់ចិន នឹងមានកំណើនយឺត ក្នុងឆ្នាំនេះ (Video inside)

14-01-2025 10:22

(ប៉េកាំង)៖ ការនាំចេញរថយន្តរបស់ចិន ត្រូវបានគេរំពឹងថា នឹងមានកំណើន៥.៨ភាគរយ គឺត្រឹម៦.២លានគ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥នេះ, បន្ទាប់ពីមានកំណើន១៩.៣ភាគរយ កាលពីឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យ ពីសមាគមសមាគមអ្នកផលិតរថយន្តចិន (CAAM) បានបង្ហាញនៅថ្ងៃចន្ទ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

ការធ្លាក់ចុះនៃការនាំចេញ ដែលបានប៉ាន់ស្មាននេះ ផ្ទុយទៅនឹងការព្យាករណ៍កើនឡើងបន្តិច សម្រាប់ការលក់រថយន្តនៅក្នុងប្រទេសចិន នាឆ្នាំនេះ ដោយសារតែការបន្តគោលនយោបាយលើកទឹកចិត្ត ត្រូវបានគេរំពឹងថា នឹងជំរុញការលក់រថយន្ត នៅក្នុងទីផ្សាររថយន្តដ៏ធំជាងគេបំផុត នៅលើពិភពលោកនេះ។

ការលក់រថយន្តនៅចិន ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើន៤.៧ភាគរយ គឺរហូតដល់៣២.៩លានគ្រឿង ក្នុងឆ្នាំនេះ, បន្ទាប់ពីមានកំណើន៤.៥ភាគរយ ក្នុងឆ្នាំ២០២៤។ នេះបើយោងតាម CAAM។

សមាគម រំពឹងថា នឹងមានកំណើនយឺត ក្នុងកំណើនការលក់ សម្រាប់រថយន្តថាមពលថ្មី (NEVs) ដែលរួមមានរថយន្តអគ្គិសនី និង Plug-in hybrids ត្រឹម២៤.៤ភាគរយ ក្នុងឆ្នាំ២០២៥ ពី៣៥.៥ភាគរយ កាលពីឆ្នាំមុន។

លោក Xu Haidong មន្ត្រីសមាគម CAAM បានលើកឡើងថា ការបន្តការឧបត្ថម្ភធន លើពាណិជ្ជកម្មរថយន្ត ដល់ឆ្នាំ២០២៥នេះ ត្រូវបានគេមើលឃើញថា ជាអត្ថប្រយោជន៍ដ៏ធំបំផុតមួយ សម្រាប់កំណើនការលក់ ខណៈតម្រូវការក្នុងស្រុកមានភាពទន់ខ្សោយ, ការប្រកួតប្រជែងខ្លាំង និងសម្ពាធពីខាងក្រៅកំពុងកើនឡើង នឹងមានផលប៉ះពាល់យ៉ាងខ្លាំង លើទីផ្សាររថយន្ត។

សូមរំលឹកថា រថយន្តជាង៦.៦លានគ្រឿង ដែលបានលក់នៅក្នុងប្រទេសចិន កាលពីឆ្នាំមុន ទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល រហូតដល់២,៨០០ដុល្លារអាមេរិក សម្រាប់ការទិញរថយន្ត NEV និង២,០០០ដុល្លារ សម្រាប់ការទិញរថយន្តប្រើប្រាស់ម៉ាស៊ីនចំហេះ ដែលសន្សំសំចៃប្រេងកាន់តែច្រើន៕