Tesla ប្រមូលរថយន្ត២៣៩,០០០គ្រឿង នៅសហរដ្ឋអាមេរិកមកវិញ ជុំវិញបញ្ហាកាំមេរ៉ាមើលក្រោយ (Video inside)
14-01-2025 10:17
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Tesla បានឱ្យដឹងនៅថ្ងៃសុក្រថា ខ្លួនកំពុងប្រមូលរថយន្តប្រមាណ២៣៩,០០០គ្រឿង នៅសហរដ្ឋអាមេរិក ត្រឡប់មកវិញ ដោយសារតែបញ្ហាកាំមេរ៉ាក្រោយ ដែលអាចមិនដំណើរការ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
ការប្រមូលរថយន្តនេះ បានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក បានបើកការស៊ើបអង្កេត លើរថយន្ត Tesla ២.៦លានគ្រឿង នៅសហរដ្ឋអាមេរិក ជុំវិញរបាយការណ៍នៃការបុកប៉ះ ពាក់ព័ន្ធនឹងមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បញ្ជារំកិលរថយន្តរបស់ពួកគេពីចម្ងាយបាន។
ក្រុមហ៊ុន Tesla នឹងកំណត់រថយន្តណា ដែលមានបញ្ហាបន្ទះសៀគ្វី ហើយនឹងផ្លាស់ប្តូរកុំព្យូទ័រថ្មីរបស់រថយន្ត ប្រសិនបើមានភាពចាំបាច់។
Tesla បានឱ្យដឹងថា រថយន្តម៉ូឌែល Model 3, Model S និង Model X ដែលស្ថិតក្នុងផលិតកម្ម ក៏ត្រូវបំពាក់នូវកុំព្យូទ័ររថយន្តផ្សេងទៀត បន្ទាប់ពីថ្ងៃទី១៦ ខែធ្នូ ដើម្បីដោះស្រាយបញ្ហានេះ។
ការប្រកាសប្រមូលនេះ នឹងប៉ះពាល់លើរថយន្តម៉ូឌែល Model 3 ផលិតឆ្នាំ២០២៤ និង២០២៥ និងម៉ូឌែល Model S និងម៉ូឌែល Model X និង Model Y ដែលផលិតឡើងចម្លោះឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។
Tesla មានចំនួននៃការប្រមូលរថយន្តមកជួសជុលវិញ ច្រើនជាងគេបំផុត នៅសហរដ្ឋអាមេរិក ជាមួយនឹងរថយន្ត៥.១លានគ្រឿង បានរងផលប៉ះពាល់, ប៉ុន្តែបញ្ហាទាំងអស់អាចដោះស្រាយបាន តាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធីផ្នែកទន់។ នេះបើតាមក្រុមហ៊ុនគ្រប់គ្រងការប្រមូលរថយន្តមកវិញ Bizzycar បានឱ្យដឹងនៅក្នុងរបាយការណ៍៕