(ភ្នំពេញ)៖ ស្របពេលដែលសេដ្ឋកិច្ចឌីជីថលកម្ពុជា បាននិងកំពុងមានសន្ទុះ និងរីកចម្រើនកាន់តែខ្លាំងជាបន្តបន្ទាប់ រាជរដ្ឋាភិបាលនឹងគិតគូរលើការពង្រឹងការប្រមូលពន្ធលើសេវាកម្មឌីជីថល ខណៈឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានប៉ាន់ស្មានថានឹងកើនឡើងដល់ ១.៧៨ ប៊ីលានដុល្លារ ។
យោងតាមយុទ្ធសាស្ត្រកៀគេរចំណូល របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានបញ្ជាក់ថា ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាក្នុងតំបន់ និងសកលលោក សេដ្ឋកិច្ចឌីជីថលកម្ពុជា បាននិង កំពុងតែមានសន្ទុះ និងរីកចម្រើនកាន់តែខ្លាំងឡើង ព្រមទាំងបានបង្កើតជាសកម្មភាពធុរកិច្ចថ្មីៗជាច្រើន តាមប្រព័ន្ធអេឡិចត្រូនិក។
តាមការប៉ាន់ស្មានរបស់ក្រសួងពាណិជ្ជកម្ម តម្លៃទីផ្សារនៃពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលរួមបញ្ចូលទាំងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (Cross-border e-commerce) មានទំហំ ១.២៨ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣, ១.៥០ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ និង១.៧៨ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ ការណ៍នេះ ទាមទារឱ្យមានការគិតគូរលើការអនុវត្តពន្ធលើសេវាកម្មឌីជីថល ដែលជាពន្ធលើប្រាក់ចំណូលសរុប ដែលទទួលបានពីសេវាកម្មឌីជីថលផ្សេងៗ មានជាដូចជា ការផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថល ការផ្តល់សេវាអន្តរការីឌីជីថល ដូចជាប្រតិបត្តិការទីផ្សារអនឡាញ និងការលក់ទិន្នន័យដែលប្រមូលពីអ្នកប្រើប្រាស់។
ការអនុវត្តពន្ធលើសេវាកម្មឌីជីថល ត្រូវបានគិតគូរជាពិសេសលើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅកម្ពុជា និងផ្គត់ផ្គង់ពីក្រៅព្រះរាជាណាចក្រកម្ពុជាដល់និវាសនជនជា សហគ្រាស ក្នុងរបបស្វ័យប្រកាស ឬ/និងរូបវន្តបុគ្គលនៅកម្ពុជា សំដៅពង្រីកមូលដ្ឋានគិតពន្ធ ដែលនឹងប្រមូលចំណូលពន្ធបន្ថែម លើផលចំណេញរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទំនិញ និងសេវាកម្មឌីជីថលពីបរទេស ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។
តាមរយៈយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការ រយៈពេលមធ្យម ២០២៦-២០២៨ ក្នុងសិក្សាសមិទ្ធិលទ្ធភាព ក្នុងការអនុវត្តពន្ធសេវាកម្មឌីជីថល ការកំណត់អត្រាពន្ធ ការវិភាគចំណេញខាត (Costs and Benefits) និងនីតិវិធីរដ្ឋបាលនៃការអនុវត្តពន្ធនេះ។
អាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានវិសាលភាពអនុវត្ត ចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅប្រទេសកម្ពុជាមកកម្ពុជា និងចំពោះអ្នកជាប់ពន្ធនិវាសនជន ដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដូចជា ការបញ្ជាទិញនិងការទាញយកទំនិញឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិកការផ្សព្វផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកការទិញសូហ្វវែរ ហ្គេមអេឡិចត្រូនិកជាដើម។
អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមប្រមូលអាករ លើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ចាប់ពីខែមេសា ឆ្នាំ២០២២ ហើយគិតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗ បានមកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ នៅអគ្គនាយកដ្ឋានពន្ធដារ ដែលមានជាអាទិ៍ META, GOOGLE, YOUTUBE, TIK TOK, NETFLIX ជាដើម។
រយៈពេល៧ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានប្រមាណជិត ៤៤លានដុល្លារ៕