Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤ពាន់លានដុល្លារ កើនឡើងជិត១៧% ក្នុងឆ្នាំ២០២៤ (Video inside)

10-01-2025 17:51

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងកាលពីឆ្នាំ២០២៣ ដែលសម្រេចបានត្រឹមតែ ៤៦.៨២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

តាមទិន្នន័យដដែលនេះ បានបញ្ជាក់ថា រយៈពេលពេញមួយ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៦.១៩ពាន់លានដុល្លារ កើនឡើង១៥.៧% ខណៈការនាំចូលមានទឹកប្រាក់២៨.៥៤ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។

ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជារួមមាន គឺចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត៕