Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត គីម ហ៊ាង៖ ការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានច្រើនពេក ធ្វើឱ្យអ្នកវិនិយោគរារែកចិត្ត មិនចង់បោះទុនវិនិយោគ (Video inside)

10-01-2025 16:25

(ភ្នំពេញ)៖ បណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាង និងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាននៅកម្ពុជាច្រើនពេក ដូចជាគម្រោងបោកប្រាស់ និងព័ត៌មានមិនល្អពីកម្ពុជាផ្សេងៗ ដែលបានសាយភាយនៅទូទាំងប្រទេស និងឈានទៅដល់កម្រិតពិភពលោក បានធ្វើអ្នកដែលមានលុយវិនិយោគ លើវិស័យអចលនទ្រព្យរារែក ក្នុងការបញ្ចេញសាច់ប្រាក់វិនិយោគ។

លើកឡើងនៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៥, តើអន្តរាគមន៍បញ្ចុះអត្រាការប្រាក់ទិញផ្ទះ ជួយស្តារវិស័យអចលនទ្រព្យបានកម្រិតណា?» បណ្ឌិត គីម ហ៊ាង បានលើកឡើងថា រយៈពេល៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០២០មក ប្រជាជនរងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប្រជាជនពលរដ្ឋខ្លះ គ្មានលទ្ធភាពវិនិយោគលើវិស័យអនចលទ្រព្យ ប៉ុន្តែមិនមែនទាំងអស់នោះទេ នៅមានប្រជាពលរដ្ឋមួយចំនួនទៀត ដែលមានសាច់ប្រាក់ក្នុងការវិនិយោគ ប៉ុន្តែយ៉ាងណាមិញ ដោយសារតែការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានច្រើន ធ្វើឱ្យពួកគាត់មានស្ទាក់ស្ទើរមិនចង់បញ្ចេញសាច់ប្រាក់ ដែលនាំឱ្យការទិញលក់អចលនទ្រព្យ នៅក្នុងឆ្នាំ២០២៤ធ្លាក់ចុះ។

លោកកត់សម្គាល់ថា នៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន ដូចជានៅអឺរ៉ុប អាមេរិក គេក៏មានព័ត៌មានអាក្រក់ ប៉ុន្តែគេអាចបិទបាន ខណៈនៅកម្ពុជាប្រជាជនភាគច្រើនចូលចិត្តផ្សាយ នូវព័ត៌មានដែលមានព័ត៌មានមិនល្អពីប្រទេសខ្លួន ឱ្យសាយភាយចេញក្រៅ ដូច្នេះហើយអ្នកដែលមានលុយវិនិយោគ មិនហ៊ានបញ្ចេញលុយវិនិយោគ។

លោកបន្ថែមថា «ពេលដែលយើងលក់អ្នកអត់លុយទិញគឺជារឿងមួយ ប៉ុន្តែក៏មានអ្នកខ្លះមានលុយទិញដែរ ប៉ុន្តែគាត់មិនបញ្ចេញលុយ។ មិនបញ្ចេញលុយ គឺមានហេតុផលច្រើន ទី១.គឺព័ត៌មានអវិជ្ជមានច្រើនពេកធ្វើឱ្យគាត់រារែកក្នុងការបញ្ចេញលុយ ហើយចំណុចទី២គាត់ថាទិញដី ឬផ្ទះអាចចំណេញ ប៉ុន្តែបើយើងផ្ញើធនាគារបានការប្រាក់៧%ទៅ៨%ដែរ វាសុវត្ថិភាព បើទៅទិញដី គម្រោងខ្លះមានបោកច្រើន អាទាំងអស់ធ្វើឱ្យមនុស្សមានលុយអត់បញ្ចេញលុយទេ»៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោកបណ្ឌិត គឹម ហ៊ាង៖