(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាង និងជាអ្នកជំនាញក្នុងវិស័អចលនទ្រព្យ បានថ្លែងឲ្យដឹងថា ការទម្លាក់អត្រាការប្រាក់បញ្ញើដែលធ្វើឱ្យអត្រាការប្រាក់កម្ចីធ្លាក់ចុះ និងការសម្រួលឱ្យអ្នកទិញបុរី បង់រំលស់ជាមួយធនាគារ ជួយវិស័យអចលនទ្រព្យបានយ៉ាងច្រើន ពិសេសអ្នកលក់បុរី ព្រោះថា ការសម្រួលរបស់ធនាគារ ធ្វើឲ្យម្ចាស់បុរីទទួលបានថវិកាដុំ ដើម្បីវិនិយោគបន្ត ដែលអាចជួយជំរុញឲ្យកំណើនសេដ្ឋកិច្ច។

ការលើកឡើងរបស់លោកបណ្ឌិត គីម ហ៊ាង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ដែលកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៥»។

លោកបានបញ្ជាក់ថា ធនាគារបច្ចុប្បន្នបានសហការគ្នា ជាមួយអតិថិជនទិញបុរី អាចបង់ប្រាក់ផ្ទាល់ ជាមួយធនាគារ ដោយមានអត្រាការប្រាក់ប្រហែល៧-៨ភាគរយប៉ុណ្ណោះ ដូច្នេះទៅថ្ងៃខាងមុខនឹងមានអ្នកបង់រលស់ផ្ទាល់ជាមួយបុរី មកបង់ជាមួយធនាគារដោយផ្ទាល់ ដែលហេតុផលនេះធ្វើឲ្យផ្ដល់ភាពងាយស្រួល ទាំងភាគីសងខាង មានន័យថា អតិថិជនក៏បង់ធូរប្រចាំខែ ចំណែកអ្នកលក់បុរីក៏ទទួលបានលុយដុំ ទៅវិនិយោគកិច្ចការងារផ្សេងៗផងដែរ។

លោកបានបន្ដថា ជាការពិតអាចមានធនាគារមួយចំនួន មិនអនុវត្តន៍ក្នុងការផ្ទេរពីការបង់ប្រាក់ពី​បុរី មកបង់ផ្ទាល់ជាមួយធនាគារ ប៉ុន្ដែក្នុងនោះយើងនៅតែមានធនាគារមួយចំនួន ដែលចាល់លុយ ដូច្នេះសម្រាប់អតិថិជនត្រូវតែស្វែងរកធនាគារណា ដែលមានលុយច្រើន ដើម្បីសម្រួលក្នុងការបង់ផ្ទេរពីបុរីមកកាន់ធនាគារ៕