(ប៉េកាំង)៖ ចំនួនផ្ទះដែលត្រូវបានរឹបអូស នៅក្នុងប្រទេសចិន បានកើនឡើងក្នុងឆ្នាំ២០២៤កន្លងទៅ បើធៀបនឹងឆ្នាំ២០២៣, នេះបើតាមការស្ទាបស្ទង់ដោយវិស័យឯកជន បានបង្ហាញនៅថ្ងៃអង្គារ។ ដោយបានបង្ហាញការកើនឡើង អំពីការមិនបំពេញកាតាព្វកិច្ចបង់រំលោះ ចំពេលវិស័យអចលនទ្រព្យធ្លាក់ចុះ និងកំណើនសេដ្ឋកិច្ចមិនល្អ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
ចំនួនផ្ទះដែលត្រូវបានគេរឹបអូសយកមកវិញ សម្រាប់ដាក់លក់ឡាយឡុង មានចំនួន៣៧០,០០០ខ្នង ក្នុងឆ្នាំ២០២៤ ដែលចំនួននេះ កើនឡើងពី៣៦៤,០០០ខ្នង ក្នុងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ ពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy។
សរុបមានផ្ទះដែលគេរឹបអូសចំនួន១១៧,០០០ខ្នង បានលក់ចេញដោយជោគជ័យ ជាមួយនឹងតម្លៃសរុបនៃប្រតិបត្តិការ មានចំនួន១៦៣.៦ពាន់លានយ័ន (២២.៣៣ពាន់លានដុល្លារ), ធ្លាក់ចុះ១.៩ភាគរយ ធៀបនឹងឆ្នាំ២០២៣។
ការស្ទាបស្ទង់បានបង្ហាញថា ការរឹបអូសសរុបរួមមាន៖ អចលនទ្រព្យឧស្សាហកម្ម ពាណិជ្ជកម្ម និងលំនៅដ្ឋាន, ដី, យានដ្ឋាន និងចំណតយានយន្ត ចំនួន៧៦៨,០០០កន្លែង, ធ្លាក់ចុះតិចតួច០.៩ភាគរយ ធៀបនឹងឆ្នាំ២០២៣។
ផ្ទះដែលបានរឹបអូសភាគច្រើន ស្ថិតក្នុងទីក្រុងលំដាប់ថ្នាក់ទី៣ និងទី៤ ដែលមានចំនួន៦៣,៨៧១ខ្នង។ នេះបើយោងតាមក្រុមហ៊ុន China Index Academy។ ជាមួយគ្នានោះ ផ្ទះដែលបានរឹបអូស៤៥,៩៩៧ខ្នង ស្ថិតក្នុងទីក្រុងលំដាប់ថ្នាក់ទី២ និង៦,៩៩៤ ក្នុងទីក្រុងលំដាប់ថ្នាក់ទី១។
ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ ដែលចេញផ្សាយកាលពីឆ្នាំមុនថា ចំនួនផ្ទះដែលគេរឹបអូស បានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០២០មក ហើយបានបន្តកើនឡើងក្នុងឆ្នាំ២០២៤៕