(សៀងហៃ)៖ ការលក់រថយន្តអគ្គិសនី របស់ក្រុមហ៊ុនចិន BYD មានការកើនឡើងយ៉ាងឆាប់រហ័ស ក្នុងឆ្នាំ២០២៤, នេះបើតាមក្រុមហ៊ុន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធ ខណៈក្រុមហ៊ុនមានកំណើនវត្តមានរបស់ខ្លួន នៅក្រៅប្រទេស។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងអាគុយខ្នាតយក្សនេះ គឺជាក្រុមហ៊ុនចិន ដែលលេចធ្លោជាងគេ ក្នុងការពង្រីកទីផ្សារនៅបរទេស ជាផែនការដែលត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើង ដោយជម្លោះពាណិជ្ជកម្ម រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងលោកខាងលិច។

BYD លក់បានរថយន្តចំនួន៤,២៧២,១៤៥គ្រឿង កាលពីឆ្នាំមុន, កើនឡើង៤១.៣ភាគរយ ធៀបនឹងការលក់បានចំនួន៣,០២៤,៤១៧គ្រឿង ក្នុងឆ្នាំ២០២៣។ នេះបើតាមទិន្នន័យពីក្រុមហ៊ុន។

គិតតែក្នុងខែធ្នូ, BYD លក់បានរថយន្ត៥៧,១៥៤គ្រឿង នៅក្រៅប្រទេសចិន, កើនឡើង៥៨.៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

សហភាពអឺរ៉ុប បានប្រកាសក្នុងខែតុលាថា ខ្លួននឹងយកពន្ធបន្ថែមរហូតដល់៣៥.៣ភាគរួ លើរថយន្តអគ្គិសនីរបស់ចិន ដែលជំរុញឱ្យទីក្រុងប៉េកាំង លើកឡើងថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុន។

កាលពីដើមឆ្នាំ២០២៤, សហរដ្ឋអាមេរិក និងកាណាដា បានដំឡើងពន្ធគយ លើរថយន្តអគ្គិសនីចិន រហូតដល់១០០ភាគរយ។

តួលេខរបស់ក្រុមហ៊ុន BYD បានកើតឡើង បន្ទាប់ពីការលក់រថយន្តអគ្គិសនី នៅទូទាំងពិភពលោក បានសម្រេចកំណត់ត្រា១.៨លានគ្រឿង ក្នុងខែវិច្ឆិកា។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវឧស្សាហកម្ម Rho Motion៕