(ភ្នំពេញ)៖ តាមការអំពាវនាវរបស់ធនាគារជាតិនៃកម្ពុជា ជំរុញឱ្យចូលរួមទប់ស្កាត់ ការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ដែលកំពុងចរាចរនៅកម្ពុជា​ បណ្តា​គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ខ្លួននឹងបង្កើនការប្រុងប្រយ័ត្ន និងចូលរួម​ឱ្យកាន់តែសកម្មជាងមុន ក្នុងការទប់ស្កាត់ក្រដាសប្រាក់អាមេរិកក្លែងក្លាយ មិនឱ្យចរាចរនៅលើទីផ្សារកម្ពុជា ដែលនាំឱ្យប្រជាជនរងការខាតបង់។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា ពាក់ព័ន្ធនឹងការទប់ស្កាត់ការចរាចរប្រាក់ដុល្លារអាមេរិកក្លែងក្លាយនេះ ធនាគារជាតិនៃកម្ពុជា តែងតែណែនាំដល់បណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាទៀងទាត់ឱ្យមានការប្រុងប្រយ័ត្ន ទប់ស្កាត់ការចរាចរក្រដាសប្រាក់ដុល្លារ​អាមេរិកក្លែងក្លាយ និងត្រូវដកហូតទុក នៅពេលដែលជួបប្រទះពេលអតិថិជន មកប្រើប្រាស់សេវាធនាគារ។

លោកបន្ថែមថា ជាមួយគ្នាធនាគារជាតិនៃកម្ពុជា បានសហការជាមួយជាមួយដៃគូអន្តរជាតិ ក៏ដូចជាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបណ្តុះបណ្តាលទៅដល់បុគ្គលិក នៅតាមបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីឱ្យមានការយល់ដឹងកាន់តែច្បាស់ និងបន្តណែនាំទៅកាន់អតិថិជន នៅតាមបញ្ជរផ្តល់សេវា ឱ្យចេះពិនិត្យមើលមួយណាជាក្រដាសប្រាក់ពិត និងក្លែងក្លាយ។​ ​

លោកបន្តថា «វគ្គបណ្តុះបណ្តាលដែលធ្វើជាទៀតទាត់នេះ កាលពីឆ្នាំ២០១៦ខាងស្ថានទូតអាមេរិក ក៏ធ្លាប់ធ្វើការបណ្តុះ​បណ្តាលដល់គ្រឹះស្ថាននានាដែរ។ នៅឆ្នាំ២០២៣ ធនាគារជាតិបានធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ បានបណ្តុះបណ្តាល ២ដងដែរ។ នៅឆ្នាំ២០២៤ ក៏បានធ្វើការបណ្តុះបណ្តាលដែរ។ និយាយឱ្យចំ គឺបានធ្វើការបណ្តុះបណ្តាលជាទៀតទាត់ ដើម្បីធ្វើឱ្យមន្រ្តីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណែនាំទៅកាន់អតិថិជន​ ហើយយើងក៏មានឧបករណ៍សម្រាប់តេស្ត ​ពិនិត្យមើលប្រភេទក្រដាសដែលក្លែងក្លាយដែរ»។

លោក ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មនៃ​​ធនាគារ CIMB បានប្រាប់ប​​ណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះថា ក្នុងការចូលរួម​ទប់ស្កាត់ការចរាចរក្រដាសប្រាក់ដុល្លារអារិកក្លែងក្លាយនេះ ធនាគារ CIMB បានចូលរួមយ៉ាងសកម្ម។ ជាក់ស្តែងក្នុងករណីដែលបុគ្គលិកសង្ស័យ ឬពិនិត្យឃើញមានក្រដាសប្រាក់ក្លែងក្លាយ ដែលអតិថិជនបានយកមកដោយចៃដន្យ ធនាគារនឹងធ្វើការឃាត់ទុក ដើម្បីបញ្ជូនទៅឱ្យធនាគា​រជាតិ ដែលមានជំនាញខ្ពស់ ក្នុងការពិនិត្យមើល។

លោកបន្ថែមថា ប្រាក់ដុល្លារអាមេរិកមិនមែនជាលុយជាតិ ហេតុដូច្នេះហើយប្រជាជនកម្ពុជា អាចនឹងពិបាក​កំណត់ចំណាំថា មួយណាពិត ឬក្លែងក្លាយ ខណៈក្រុមដែលផលិតផលលុយក្លែងក្លាយ បានរិះរកវិធីសាស្រ្តធ្វើឱ្យកាន់តែល្អជាងមុន ​ដែលធ្វើឱ្យពិបាកពិនិត្យមើលថា មួយណាជាលុយ​ក្លែងក្លាយ និង​លុយពិត ​ដែលនាំឱ្យប្រជាជន ងាយនឹងរងហានិភ័យខាតបង់ប្រាក់ប្រសិនបើទទួលបានក្រដាសប្រាក់ក្លែងក្លាយ។ ហេតុនេះហើយ ដើម្បីកាត់បន្ថយហានិភ័យនៃការទទួលបានក្រដាសប្រាក់ក្លាយក្លែង លោកលើកទឹកចិត្តឱ្យពលរដ្ឋ ទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និងប្រើប្រាស់ក្រដាសប្រាក់រៀលឱ្យកាន់តែច្រើន នោះការប្រើប្រាស់ក្រដាសប្រាក់ដុល្លារនៅក្នុងទីផ្សារនឹងកាន់តែថយចុះ​។​

លោកបានគូបញ្ជាក់បន្ថែមថា «នៅពេល​យើងទទួលបានប្រាក់បញ្ញើ ឬលុយដែលសង្ស័យ យើងសុំពីអតិថិជនយើង យើងឃាត់ទុក ដើម្បីយើងបញ្ជូនលុយនេះទៅធនាគារជាតិ ហើយធនាគារជាតិ គាត់នឹងត្រួតពិនិត្យទៅតាមជំនាញថាលុយនោះល្អ ឬក្លែងក្លាយ។ នេះគឺជាវិធីសាស្រ្តមួយដែលយើងទប់ស្កាត់ ព្រោះថាយើងមិនចង់ឱ្យលុយក្លែងក្លាយ នៅតែបន្តចែកចាយនៅក្នុងទីផ្សារ អីចឹងហើយនៅពេលដែលយើងរកឃើញ គឺយើងឃាត់ទុកយកទៅធនាគារជាតិ»។

លោកបានឱ្យដឹងផងដែរថា កន្លងមកធនាគារ CIMB ក៏ធ្លាប់បង្កើតវគ្គចែករំលែកដល់អតិថិជន ឱ្យចេះពិនិត្យមើលក្រដាសមួយណាពិត និងក្លែងក្លាយ​ ដើម្បីឱ្យអតិថិជន មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាងមុន ខណៈដែលអតិថិជនមួយចំនួន បានទិញឧបករណ៍ពិនិត្យមើលផងដែរ។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូរញ្ញវត្ថុ អិលអូអិលស៊ី បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កន្លងមកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ធ្លាប់ជួបករណីដែលអតិថិជនយកក្រដាសប្រាក់ដែលមិនដឹងថា ពិត ឬក្លែងក្លាយមកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ផងដែរ​។ ​នៅពេលដែលបានជួបករណីបែបនេះ ​​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានដកហូតទុក និងបញ្ជូនទៅធនាគារជាតិ។

លោកបានបញ្ជាក់ថា បើទោះបីជា ​ករណី​ដែលអតិថិជនយកប្រដាសប្រាក់ក្លែងក្លាយ មកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កម្រមានក៏ដោយ ប៉ុន្តែ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែងតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងតែងតែផ្តល់ការបណ្តុះបណ្តាល ដើម្បីឱ្យពួកគាត់​​យល់ដឹងកាន់តែច្បាស់ពីប្រភេទនៃក្រដាសប្រាក់ ដើម្បីទប់ស្កាត់ហានិភ័យនៃការទទួលបានក្រដាសប្រាក់ក្លែងក្លាយ​ ព្រោះការទទួលបានក្រដាសប្រាក់ក្លែងក្លាយនេះ ក៏ជាហានិភ័យមួយរបស់គ្រឹះស្ថាន​។

លោកបន្តថា «ស្ថាប័ននីមួយៗ តែងតែទៅរៀន ហើយយើងបង្រៀនបុគ្គលិកយើងជាពិសេស គឺបុគ្គលិកដែលបម្រើសេវាអតិថិជន ឱ្យមានការប្រុងប្រយ័ត្ន និងមានការយកចិត្តទុកដាក់​ក្នុងការទទួលសាច់ប្រាក់ និងផ្តល់សាច់ប្រាក់ទៅឱ្យអតិថិជន។ ទាក់ទងនឹងក្រដាសប្រាក់ក្លែងក្លាយ យើងមានឧបករណ៍មួយចំនួន ជាពិសេសទាក់ទងនឹងការប្រើប្រាស់ភ្នែក និងដៃរបស់បុគ្គលិក ដើម្បីស្ទាប និងប៉ះ។ យ៉ាងណាមិញ ករណីជួបលុយក្លែងក្លាយនេះ កម្រនឹងជួបណាស់ដែលគាត់កាន់ក្រដាស ៥០ដុល្លារ និង១០០ដុល្លារ មក។ យើងជួបដែរ ប៉ុន្តែយូរៗជួបម្តង​ ហើយបើយើងជួបយើងមាននិតិវិធីយើងដកទុក ដើម្បីយើងមានភស្តុតាងផ្ញើទៅធនាគារជាតិ»។

លោកបន្ថែមថា ការបង្វែរមកប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើន នឹងជួយទប់ស្កាត់ហានិភ័យនៃការទទួលបានក្រដាសប្រាក់ក្លែងក្លាយ ព្រោះក្រដាសប្រាក់រៀលដែលជាលុយជាតិ ​មិនសូវជាមានការក្លែងបន្លំនោះទេ។ ជាមួយគ្នា ការទូទាត់តាមឌីជីថល ក៏ចូលចំណែកទប់ស្កាត់បានច្រើនផងដែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងនូវទស្សនៈរបស់ខ្លួន ដោយជំរុញឱ្យ​ប្រើប្រាស់ប្រាក់រៀលរបស់ជាតិ ដើម្បីកុំឱ្យប៉ះចំប្រាក់ដុល្លារក្លែងក្លាយ។

លោកបានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថា «ជៀសវាងខាតទទួលប៉ះលុយដុល្លារក្លែងក្លាយ យើងនាំគ្នាចាយជាលុយរៀលវិញ "ជួញដូរជាលុយរៀលខ្មែរ គឺខ្មែរស្រឡាញ់កម្ពុជា"»៕

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះបានចេញសេចក្តីជូនដំណឹង​​ដល់បណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ឱ្យចូលរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយដែលកំពុងចរាចរនៅកម្ពុជា។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជាស្នើ៖ ​

១៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ ​ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត

២៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជន ដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា

៣៖ សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយក ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថា ក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ សូមផ្តល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្ត ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិត ដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ៕