(ភ្នំពេញ)៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលជាអង្គភាពស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ នៅឆ្នាំ២០២៤នេះ បានបដិភាគថវិកាប្រមាណ​ជិត ១៦លានដុល្លារ លើការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញជាង៣៥​ ០០០នាក់ ក្នុងវិស័យសំខាន់ៗ ដើម្បីបំពេញតម្រូវការការងារ​ នាពេលបច្ចុប្បន្ន និងអនាគត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ​SDF ក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុមប្រឹក្សាបរធនបាល SDF នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា នៅឆ្នាំ២០២៤ សិក្ខាកាមជាង៣៥ ០០០ នាក់ ក្នុងនោះស្ត្រី ៣៤% ​​ទទួលបានការអភិវឌ្ឍជំនាញ ដែលរៀបចំដោយវិស័យឯកជនចំនួន៤៦៥ និងគ្រឹះស្ថានបណ្តុះបណ្តាល៦១ ដោយប្រើប្រាស់ថវិកាអស់ប្រមាណ​ ២៩.៣៩ លានដុល្លារ ក្នុងនោះថវិកាបដិភាគរបស់ SDF មានចំនួន ១៥.៦៦ លានដុល្លារ។ ​

​សិក្ខាកាម​ដែលបាននិងកំពុងទទួលការអភិវឌ្ឍជំនាញ​ ក្នុងវិស័យសំខាន់ៗ ដូចជា ៖ វិស័យទេសចរណ៍ (ប្រើប្រាស់ថវិកា ៤.០២ លានដុល្លារ), វិស័យឌីជីថល (ប្រើប្រាស់ថវិកា ៣.៨៦ លានដុល្លារ), វិស័យសំណង់ (ប្រើប្រាស់ថវិកា ២.៧៧ លានដុល្លារ), វិស័យផលិតកម្ម (ប្រើប្រាស់ថវិកា២.១១ លានដុល្លារ), វិស័យយានយន្ត (ប្រើប្រាស់ថវិកា ០.៦៣ លានដុល្លារ), វិស័យអេឡិចត្រូនិក (ប្រើប្រាស់ថវិកា ០.៣២ លានដុល្លារ), និងវិស័យដទៃទៀត ដែលមានតម្រូវការខ្ពស់ពីវិស័យឯកជន។

SDF បានគូសបញ្ជាក់ថា ក្រោយការបណ្តុះបណ្តាល អត្រាបោះបង់ការសិក្សាទាបត្រឹម ៤%, អត្រាមានការងារធ្វើខ្ពស់រហូតដល់ ៨៨%, អត្រាពេញចិត្តពីនិយោជកខ្ពស់រហូតដល់ ៨៥% និងប្រាក់បៀវត្សមូលដ្ឋានជាមធ្យមខ្ពស់ជាងប្រាក់បៀវត្សអប្បបរមាប្រមាណ ២០% ដែលឆ្លុះបញ្ចាំងពីគុណភាព, ទំនុកចិត្ត និងតម្លៃនៃលុយ។

គួរកត់សម្គាល់ផងដែរថា ទាំងចំនួនសិក្ខាកាមសរុប និងថវិកាបដិភាគក្នុងឆ្នាំ២០២៤ គឺស្ទើរតែស្មើនឹងលទ្ធផលក្នុងរយៈពេល៥ឆ្នាំ កន្លងមក (២០១៨-២០២៣) ដែលនេះជាកំណត់ត្រាថ្មីមួយ ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ SDF ក្រោមការចង្អុលបង្ហាញពីក្រុមប្រឹក្សាបរធនបាលដែលមានតំណាងពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនព្រមទាំងការគាំទ្រពីដៃគូអភិវឌ្ឍន៍រួមមាន៖ ADB, AFD និង World Bank។

បន្ថែមពីនេះ SDF ក៏បានភ្ជាប់ទំនាក់ទំនង និងបង្កើតភាពជាដៃគូរវាង ក្រុមហ៊ុនចំនួន ៤៤៤, គ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៦១ (ទាំងរដ្ឋ ឯកជន និងអង្គការ) និងសមាគមធុរកិច្ចចំនួន ២១ ដើម្បីរៀបចំ និងអនុវត្តកម្មវិធីអភិវឌ្ឍជំនាញដែលត្រូវនឹងតម្រូវការវិស័យឯកជនទាំងបរិមាណ និងគុណភាព ក្នុងគោលដៅបង្កើតការងារកាន់តែប្រសើរ, ទាក់ទាញការវិនិយោគប្រកបដោយគុណភាព និងជំរុញកំណើនសេដ្ឋកិច្ច ក្រោមពាក្យស្លោក «ជំនាញខ្ពស់ ចំណូលខ្ពស់!» «បង្កើនជំនាញ បង្កើនចំណូល» ដើម្បីសម្រេចចក្ខុវិស័យ ឆ្នាំ២០៥០ រួមគ្នាប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០​​៕