(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ចំពោះការជួលអចលទ្រព្យ ដែលមានតម្លៃក្រោម ៥០ម៉ឺនរៀល គឺត្រូវបានលើកលែងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ខណៈការជួលក្នុងលក្ខខណ្ឌមួយចំនួនទៀត ក៏ត្រូវបានលើកលែងពន្ធផងដែរ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ មានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត មិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលជួលអចលនទ្រព្យនៅ​កម្ពុជា តាមអត្រា ១០​% នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។

កម្មសិទ្ធិករ ឬសិទ្ធិវន្ត ឬអ្នកតំណាងដែលមានសិទ្ធិ ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ជូនរដ្ឋបាលសារពើពន្ធ ដែលអចលនទ្រព្យនោះស្ថិត នៅជារៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ប្រសិនបើកិច្ចសន្យាតម្រូវឱ្យបង់ថ្លៃឈ្នួលប្រចាំខែ ឬយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ (គិតពីខែដែលធ្វើការទូទាត់ថ្លៃឈ្នួលសរុប) ប្រសិនបើកិច្ចសន្យាតម្រូវឱ្យមានការបង់ថ្លៃឈ្នួល សម្រាប់រយៈពេលច្រើនខែ។ យ៉ាងណាមិញ ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យក៏មានការលើកលែងផងដែរ ចំពោះថ្លៃឈ្នួលពីការជួលអចលនទ្រព្យ ចំពោះគ្រប់ករណីទាំងឡាយ ដែលសរុបប្រាក់ឈ្នួលប្រចាំខែក្រោម ៥០០ ០០០​រៀល។

ទន្ទឹមនឹងនេះ ពន្ធនេះក៏ត្រូវបានលើកលែងផងដែរចំពោះ៖

* ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់រាជរដ្ឋាភិបាលឬក្រសួង ស្ថាប័នរាជរដ្ឋាភិបាល

* ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់បេសកកម្មការទូតឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលដទៃទៀត

* ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់អង្គការឬសមាគមណាមួយដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធ ខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ ហើយគ្មានចំណែកណាមួយនៃថ្លៃឈ្នួលត្រូវបានប្រើប្រាស់ជាប្រយោជន៍ ឯកជន

* ប្រាក់ដែលអ្នកជួលបានតម្កល់ទុកជាប្រាក់ធានា ដែលកម្មសិទ្ធិករ ឬសិទ្ធិវន្តត្រូវប្រគល់គ្រប់ចំនួនឱ្យអ្នកជួលវិញនៅពេលចប់កិច្ចសន្យា ថ្លៃឈ្នួលដែលបានកាត់ទុកប្រាក់ពន្ធរួចហើយ ដោយសហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ស្របតាមមាត្រា២៥ និងមាត្រា២៦ នៃច្បាប់ស្តីពីសារពើពន្ធ

* ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានគិតបញ្ចូលក្នុងប្រាក់ចំណូលជាប់ពន្ធ របស់សហគ្រាសរួចហើយ៕