(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ​ បានឱ្យដឹងថា​ វិស័យកសិកម្ម គឺជាវិស័យចម្បងដែលផ្តល់ចំណូល ដល់ខេត្តព្រះវិហារ ក្នុងនោះ ដំណាំសក្តានុពល៣ប្រភេទ ​ផ្តល់ចំណូលដល់ខេត្តនេះ ច្រើនជាងគេ ​រួមមាន ស្រូវ ដំឡូងមី និងស្វាយចន្ទី ដែល​បានផ្តល់ចំណូលជាង ១៧០លានដុល្លារ​ ពីការនាំចេញកសិផលសំខាន់ៗទាំង៣មុខនេះ ទៅកាន់ទីផ្សារអន្តរជាតិ។

ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ដែលរៀបចំឡើងដោយ បណ្ដាញកសិអេកូឡូស៊ី (ALiSEA)​ នាពេលថ្មីៗនេះ លោក ពឹង ទ្រីដា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ដំណាំស្រូវផ្តល់ចំណូលជាង ៦០លានដុល្លារ ដំណាំដំឡូងមី ដែលបច្ចុប្បន្នកំពុងដាំដុះលើផ្ទៃដីជិត ៥ម៉ឺនហិកតា ផ្តល់ចំណូលបានប្រមាណ ៧០លានដុល្លារ។ ចំណែកឯ ស្វាយចន្ទីវិញ ដែលបច្ចុប្បន្នកំពុងដាំដុះលើផ្ទៃដីជាង៣ម៉ឺនហិកតា ផ្តល់ចំណូលបានប្រមាណជាង ៤០លានដុល្លារ។

លោកបានលើកឡើងថា មន្ទីរកសិកម្មខេត្តព្រះវិហារ បាននឹងកំពុងជំរុញការដាំដុះដំណាំនេះ គឺជាផលិតផលសេរីរាង្គ ដើម្បីតម្លៃបន្ថែមដល់កសិករ និងជំរុញឱ្យខេត្តព្រះវិហារជាខេត្តនាំមុខគេ ដែលផលិតដំណាំសេរីរាង្គច្រើនជាងគេ។

លោកបន្ថែមថា ក្រៅពីដំណាំទាំងបីប្រភេទនេះ នៅមានដំណាំជាច្រើនប្រភេទ ដូចជាកៅស៊ូ ​ល្ពៅ និងចេក ​ដែលបានផ្តល់យ៉ាងច្រើនដល់កសិករនៅខេត្តនេះផងដែរ។ ​មន្ទីរកសិកម្មខេត្តនឹងខិតខំពង្រីកសក្តានុពល​ដំណាំបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគឱ្យមកវិនិយោគលើវិស័យកសិកម្ម។

សូមជម្រាបផងដែរថា បច្ចុប្បន្ននេះ ខេត្តព្រះវិហារមានប្រជាពលរដ្ឋប្រមាណៃ ២៧ម៉ឺននាក់ឬស្មើនឹងជាង៦ម៉ឺនគ្រួសារ ដែលភាគច្រើនគឺពឹងផ្អែកលើវិស័យកសិកម្ម៕