(អ៉ីស្លាម៉ាបាដ)៖ នៅថ្ងៃសៅរ៍ ទី២១ ខែធ្នូនេះ ក្រសួងការបរទេសប៉ាគីស្ថាន ចាត់ទុកការលេីកឡេីងដោយមន្ត្រីជាន់ខ្ពស់អាមេរិក ដែលថាកម្មវិធីមីស៉ីលរបស់ប៉ាគីស្ថានអាចគំរាមកំហែងដល់សហរដ្ឋអាមេរិកនាពេលខាងមុខ ថាជាការអះអាងដែលគ្មានមូលដ្ឋាន និងគ្មានហេតុផល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីដើមសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិក លោក Jon Finer បាននិយាយថា ការអភិវឌ្ឍមីស៉ីលរយៈចម្ងាយឆ្ងាយរបស់ប៉ាគីស្ថាន កំពុងក្លាយជាការគំរាមកំហែងដែលអាចកើតមាន។ ឆ្លេីយតបនឹងការលេីកឡេីងនោះ ក្រសួងការបរទេសប៉ាគីស្ថាន បញ្ជាក់ថា «ការដែលយល់ឃេីញថាមានលក្ខណៈគំរាមកំហែងគឺគ្មានមូលដ្ឋានច្បាស់លាស់ គ្មានហេតុផល និងប្រេីអារម្មណ៍នៃប្រវត្តិសាស្ត្រ»។
តាមក្រសួងការបរទេសប៉ាគីស្ថាន សមត្ថភាពជាយុទ្ធសាស្ត្ររបស់ខ្លួនគឺសម្រាប់តែការពារអធិបតេយ្យភាព និងរក្សាស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះ ហើយមិនគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Finer ធ្វើឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន ប្រកាសដាក់ទណ្ឌកម្មថ្មីទាក់ទងនឹងកម្មវិធីមីស៉ីលរបស់ប៉ាគីស្ថាន ហេីយវាសបញ្ជាក់ឱ្យឃេីញពីការធ្លាក់ចុះថែមទៀតនៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងអ៊ីស្លាម៉ាបាដ ចាប់តាំងពីឆ្នាំ ២០២១ ជាពេលដែលអាមេរិកដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន៕