(បែរឡាំង)៖​ ក្រុមមន្ត្រីបានឱ្យដឹងថា មកទល់នឹងពេលនេះ​ករណីរថយន្តបេីកបំបុកចូលផ្សារ​ Christmas មួយក្នុងទីក្រុង Magdeburg របស់អាល្លឺម៉ង់​ បណ្តាលឱ្យមនុស្ស​ស្លាប់ ៥នាក់​ ហេីយជាង​ ២០០រងរបួស ខណៈដែលបុរសជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់ត្រូវចាប់ខ្លួន​ ដោយសង្ស័យថាបានបើករថយន្តសំដៅទៅក្នុងហ្វូងមនុស្ស។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី២១​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

អធិការបតី លោក​ Olaf Scholz បាននិយាយនៅកណ្តាលទីក្រុង ដែលជាផ្នែកមួយនៃអតីតប្រទេសអាល្លឺម៉ង់ខាងកើត និងជាទីដែលលោកបានដាក់ផ្កាកុលាបពណ៌ស ដេីម្បីបូជាចំពោះជនរងគ្រោះដូច្នេះថា «នេះពិតជាទង្វើដ៏អាក្រក់ ធ្វើឱ្យរបួស និងសម្លាប់មនុស្សជាច្រើន។ មនុស្ស​ជាង ២០០នាក់​បាន​រង​របួស ហើយប្រហែល​ ៤០នាក់​របួស​ធ្ងន់​ដែល​គួរឱ្យព្រួយ​បារម្ភ​ជា​ខ្លាំង»។​

ពេលនេះ​ អាជ្ញាធរអាល្លឺម៉ង់កំពុងស៊េីបអង្កេតលេីជនសង្ស័យជាវេជ្ជបណ្ឌិតជនជាតិអារ៉ាប៊ីសាអូឌីត​ អាយុ ៥០ឆ្នាំដែលរស់នៅអាល្លឺម៉ង់អស់រយៈពេលជិត ២០ឆ្នាំមកហេីយ​ ពាក់ព័ន្ធនឹងការបើករថយន្តចូលផ្សារបែបនេះ​។ ប៉ូលិសបានឆែកឆេរផ្ទះរបស់គាត់ពេញមួយយប់។​ មូលហេតុ​នៅ​មិន​ទាន់​ច្បាស់​ទេហើយ​សមត្ថកិច្ច​ក៏មិន​បញ្ចេញ​ឈ្មោះ​ជនសង្ស័យ​នោះដែរ​ តែបេីតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បុរសរូបនោះ​ Taleb A។

គួរបញ្ជាក់ថា​ ហេតុការណ៍ខាងលេីនេះ​ កេីតឡេីងកាលពីយប់ថ្ងៃសុក្រ​ អំឡុងពេលដែលមនុស្សម្នាប្រមូលផ្តុំគ្នានៅឯផ្សារដើម្បីអបអររដូវកាលមុនបុណ្យណូអែល​។ វាក៏បានកើតឡើងចំពេលមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងអំពីសន្តិសុខ និងការធ្វើចំណាកស្រុកក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនៅអាល្លឺម៉ង់៕