(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានដាក់ចេញអនុសាសន៍មួយចំនួន ដល់ក្រសួងពាណិជ្ជកម្ម ជាវិភាគទានក្នុងការ-កំណត់ទិសដៅការងាររបស់ខ្លួន សម្រាប់ឆ្នាំ២០២៥ ដូចខាងក្រោម៖

ទី១៖ ក្រសួងត្រូវបន្តជំរុញអនុវត្តយុទ្ធសាស្ត្រពង្រឹងទីផ្សារចាស់ និង ពង្រីកទីផ្សារថ្មី ដោយបន្តជំរុញការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពន្ធ EBA/GSP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ ឱ្យអស់ពីលទ្ធភាព និង សក្តានុពល, ព្រមទាំង បន្តចរចា បើកទីផ្សារ និង ជំរុញការនាំចេញ ដោយសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ និង វិស័យឯកជន តាមរយៈការរៀបចំយុទ្ធសាស្ត្រនានា ដើម្បីទាញយកអត្ថប្រយោជន៍ ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ, ទន្ទឹមនឹងការបន្តខិតខំពង្រឹងសមត្ថភាពវិស័យឯកជន និង អ្នកនាំចេញកម្ពុជា ឲ្យមានលទ្ធភាព និង សមត្ថភាព ចូលរួម ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល។

ទី២៖ ក្រសួងត្រូវបន្តពង្រីកការធ្វើឌីជីថលលូបនីយកម្មសេវាសាធារណៈ, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, តាមរយៈ ការបន្តពង្រឹងសមត្ថភាពមន្ត្រីឌីជីថល គ្រប់លំដាប់ថ្នាក់ ជាប់ជាប្រចាំ និង ការបន្តពិនិត្យលទ្ធភាព ក្នុងការបង្កើតអង្គភាពបរិវត្តកម្មឌីជីថល តាមអង្គភាពនានា ក្រោមឱវាទក្រសួង ដើម្បីបង្កបរិយាកាសអំណោយផល ដល់សកម្ម- ភាពពាណិជ្ជកម្ម និង សម្រួលនីតិវិធីរដ្ឋបាល និង ការតភ្ជាប់សេវាសាធារណៈ របស់ក្រសួង ទៅនឹងថ្នាលបច្ចេកវិទ្យាផ្លាស់ប្តូរទិន្នន័យរួម (Cambodia Data Exchange ឬ ហៅកាត់ថា CamDX) និង ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window)។

ទី៣៖ ក្រសួងត្រូវបន្តជំរុញកិច្ចប្រឹងប្រែងពង្រឹងអភិបាលកិច្ច និង ការអភិវឌ្ឍវិស័យ ឯកជន តាមរយៈ ការកសាងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងសមាគមពាណិជ្ជកម្ម និង សហគ្រាសឯកជន, ក៏ដូចជា ត្រូវបង្កើនការគ្រប់គ្រងការធ្វើពាណិជ្ជ-កម្មក្នុងស្រុក និង អន្តរជាតិ, និង ត្រូវពង្រឹងការអនុវត្ត, ការកែលម្អ និង ការដាក់ចេញបន្ថែមទៀត នូវច្បាប់, លិខិតបទដ្ឋាន គតិយុត្ត និង ក្រមសីលធម៌ ទាក់ទងនឹងអភិបាលកិច្ច របស់ក្រុមហ៊ុន និង សហគ្រាសឯកជន, ការប្រកួតប្រជែង, ការការពារអ្នកប្រើប្រាស់ និង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ជាដើម ដើម្បីការពារសុខភាព, សុវត្ថិភាព និង សុខុមាល-ភាពរបស់អ្នកប្រើប្រាស់ ។

ទី៤៖ ក្រសួងត្រូវសហការពង្រឹងការផលិត នូវផលិតផលក្នុងស្រុក និង រៀបចំយុទ្ធ- សាស្ត្រជំរុញការប្រើប្រាស់ផលិតផលខ្មែរ តាមរយៈ ការរៀបចំពិព័រណ៍ក្នុងស្រុក និង អន្តរជាតិ ព្រមទាំងត្រូវជួយដល់វិស័យឯកជន ក្នុងការបង្កើតសភាពាណិជ្ជកម្ម តាមរាជធានី-ខេត្ត និង តំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ដើម្បីចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និង ចាប់យកឱកាសថ្មីបន្ថែម សម្រាប់ការធ្វើពាណិជ្ជកម្ម។ ទន្ទឹមនេះ, ក្រសួងពាណិជ្ជកម្ម ក៏ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និង ម៉ាកសមូហភាព ឱ្យបានកាន់តែច្រើនថែមទៀត សំដៅលើកស្ទួយគុណភាព និង ម៉ាករបស់ផលិតផលកម្ពុជា នៅលើទីផ្សារក្នុងស្រុក និង ក្រៅប្រទេស ។

ទី៥៖ ក្រសួងត្រូវពិនិត្យ និង សិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ អំពីផលប៉ះពាល់នៃការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (Least Developed Country-LDC), ជាពិសេស នៅក្រោមក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) និង ក្របខណ្ឌ តំបន់ មកលើសេដ្ឋកិច្ចកម្ពុជា ។ ក្រសួងពាណិជ្ជកម្ម ក៏ត្រូវត្រៀមខ្លួនក្នុងការចរចាស្នើសុំ ភាពអនុគ្រោះថ្មី តាមរយៈប្រព័ន្ធអនុគ្រោះបន្ថែម (GSP Plus) ដើម្បីរក្សាទីផ្សារ និង រក្សាលំនឹងផលិតកម្ម ព្រមទាំងទាក់ទាញវិនិយោគិនបន្ថែម។ ជាមួយគ្នា, ក្រសួងក៏ត្រូវធ្វើការសិក្សាផងដែរ អំពីផលប៉ះពាល់ពីការបាត់បង់ភាពអនុគ្រោះ (Preferences Erosion) និង ការបាត់បង់ប្រព្រឹត្តិកម្មពិសេស និង អនុគ្រោះដោយឡែក (Special and Differential Treatment) បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច។

ទី៦៖ ក្រសួងត្រូវជួយគាំទ្រសហគ្រាសនានា ឱ្យមានសមត្ថភាព និង លទ្ធភាព ក្នុង ការនាំចេញ និង អាចប្រកួតប្រជែងបាន នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការរៀបចំកម្មវិធីនានា ដើម្បីសហការបង្កើនជំនាញផ្នែកពាណិជ្ជកម្មអន្ដរជាតិ ក្នុងការ-ខិតខំច្រៀតចូលក្នុងទីផ្សារថ្មី និង សហការជាមួយក្រុមហ៊ុនចម្រុះជាតិសាសន៍ ដើម្បីពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក ឲ្យស្របតាមស្តង់ដាតំបន់ និង អន្ដរជាតិ។

ទី៧៖ ក្រសួងត្រូវចូលរួមឱ្យបានសកម្ម ក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល និង ការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈ ការលើក-ទឹកចិត្ត ឱ្យវិស័យឯកជន ពិនិត្យលទ្ធភាពក្នុងការវិនិយោគ ដើម្បីបង្កើតថ្នាលបច្ចេកវិទ្យាលក់ទំនិញក្នុងស្រុក និង ឆ្លងកាត់ព្រំដែន។

ទី៨៖ ក្រសួងត្រូវបន្តរៀបចំវិធានការគោលនយោបាយ សម្រាប់កាត់បន្ថយថ្លៃពាណិជ្ជ- កម្ម និង ថ្លៃពាក់ព័ន្ធនានា ព្រមទាំងលុបបំបាត់នូវរបាំងពាណិជ្ជកម្មដែលមិនចាំបាច់ ដើម្បី បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា, ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង លើកកម្ពស់អនុលោមភាពស្តង់ដា -ល-៕