(ភ្នំពេញ)៖ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានលើកឡើងថា សម្រាប់ខេត្តសៀមរាប បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលភ្ញៀវទេសចរ ទោះបីជាមានភ្ញៀវកើនឡើងខ្ពស់ក៏ដោយ។
ការលើកឡើងរបស់លោក លី សែ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «អនាគតនៃកំណើនវិស័យទេសចរណ៍កម្ពុជា នៅតំបន់អង្គរ»។
លោក លី សែ បានថ្លែងថា «ប្រសិនបើភ្ញៀវឡើងគំហុកភ្លាម លទ្ធភាពសណ្ឋាគារ ភោជនីយដ្ឋាន មានលទ្ធភាពក្នុងការគ្រប់គ្រងបាន ដូច្នេះមិនមានក្ដីបារម្ភណាមួយឡើយ ប្រសិនបើភ្ញៀវកើនឡើងច្រើននោះ ប៉ុន្ដែអ្វីដែលជាការបារម្ភ គឺធ្វើយ៉ាងណាឲ្យភ្ញៀវមកកាន់តែច្រើនមកវិញ»។
លោកបានបន្ដថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានរៀបចំធ្វើយ៉ាងណា ក្នុងការទាញភ្ញៀវទេសចរ តាមរយៈក្រុមហ៊ុនឯកជន រួមគ្នាជាមួយរដ្ឋដើម្បីកៀរគរភ្ញៀវទេសចរ។
លោកបានបញ្ជាក់ថា ចំពោះការទាញភ្ញៀវទេសចរ អ្នកដែលត្រូវធ្វើ គឺវិស័យឯកជន ត្រូវរួមគ្នាផ្សព្វផ្សាយ រដ្ឋក៏ផ្សព្វផ្សាយ ផ្សព្វផ្សាយឲ្យចំ និងរង់ចាំមើលលទ្ធផលថា បន្ទាប់ពីការផ្សព្វផ្សាយនេះទៅ តើយើងនឹងទទួលបានលទ្ធផលបែបណា៕