(តូក្យូ)៖ ក្រុមហ៊ុនរថយន្តរបស់ជប៉ុន Honda និង Nissan កំពុងពិភាក្សាគ្នាបង្កើតក្រុមហ៊ុនមេរួមគ្នាមួយ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនទាំងពីរចែករំលែកធនធានផលិតកម្មរវាងគ្នានិងគ្នាក្នុងគ្រាដែលមានការប្រកួតប្រជែងខ្លាំងក្នុងឧស្សាហកម្មរថយន្តពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីកិច្ចការនេះតែស្នើសុំមិនបញ្ចេញអត្តសញ្ញាថា កិច្ចពិភាក្សានេះដែលដំបូងឡើយត្រូវបានរាយការណ៍ដោយសារព័ត៌មាន Nikkei របស់ប្រទេសជប៉ុន នឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តទាំងពីរសហការគ្នាកាន់តែជិតស្និទ្ធលើបច្ចេកវិទ្យា នៅពេលដែលឧស្សាហកម្មរថយន្តកំពុងត្រូវបានផ្លាស់ប្តូររូបភាពដោយសារតែក្រុមហ៊ុន Tesla និងក្រុមហ៊ុនផលិតរថយន្តចិន។

បុគ្គលម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់រ៉យទ័រថា កិច្ចពិភាក្សានេះមានគោលបំណងបង្កើតក្រុមហ៊ុនមេមួយដែលក្រុមហ៊ុន Nissan និងក្រុមហ៊ុន Honda នឹងស្ថិតនៅក្រោមក្រុមហ៊ុនមេនេះ។

ភ្លាមៗនេះមិនមានមានព័ត៌មានច្បាស់ការណ៍នៅឡើយទេថាតើក្រុមហ៊ុនមេថ្មីនេះមានគោលបំណងបង្កើតឱ្យមានជាសម្ព័ន្ធភាពពេញលេញរវាងក្រុមហ៊ុនផលិតរថយន្តទាំងពីរឬយ៉ាងណានោះទេ បើទោះបីជាកាសែត Nikkei បានរាយការណ៍ថា ក្រុមហ៊ុនទាំងពីរកំពុងចាប់ផ្តើមកិច្ចពិភាក្សាអំពីការច្របាច់បញ្ចូលគ្នាក៏ដោយ។

ក្រុមហ៊ុនផលិតរថយន្តទាំងពីរបានបង្កើនទំនាក់ទំនងរវាងគ្នានិងគ្នាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលពួកគេប្រកួតប្រជែងទៅនឹងការផ្លាស់ប្តូរឧស្សាហកម្មរថយន្តដែលកំពុងឆ្ពោះទៅរករថយន្តអគ្គិសនី។ ទន្ទឹមនឹងមានការប្រកួតប្រជែងខ្លាំង ក្រុមហ៊ុនផលិតរថយន្តនានាក៏ប្រឈមនឹងការជាប់គាំងផ្នែកតម្រូវការនៅតំបន់អឺរ៉ុប និងអាមេរិកផងដែរដែលការណ៍នេះកំពុងបង្កើនសម្ពាធលើពួកគេ។

ក្រុមហ៊ុន Honda និងក្រុមហ៊ុន Nissan នៅថ្ងៃអង្គារសប្តាហ៍នេះបានចេញសេចក្តីថ្លែងការណ៍ដូចគ្នាដោយនិយាយថា មិនមានការច្របាច់បញ្ចូលគ្នាណាមួយត្រូវបានប្រកាសដោយក្រុមហ៊ុនទាំងពីរនោះទេ។

ក្រុមហ៊ុនទាំងពីរបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកថា៖ «ដូចដែលបានប្រកាសនៅក្នុងខែមីនាឆ្នាំនេះ ក្រុមហ៊ុន Honda និងក្រុមហ៊ុន Nissan កំពុងស្វែងរកលទ្ធភាពផ្សេងៗសម្រាប់ការសហការនាពេលអនាគត ដោយប្រើប្រាស់ភាពខ្លាំងរបស់គ្នាទៅវិញទៅមក»។ ក្រុមហ៊ុនទាំងពីរបានបន្ថែមថា ពួកគេនឹងជូនដំណឹងដល់ភាគីពាក់ព័ន្ធអំពីបច្ចុប្បន្នភាពណាមួយនៅពេលសមស្រប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕