(បាងកក)៖ គណៈរដ្ឋមន្រ្តីថៃនៅក្នុងសប្តាហ៍នេះបានអនុម័តវិធានការនានាដើម្បីជួយសម្រាលបន្ទុកបំណុល ដែលវិធានការទាំងនោះរួមមានទាំងការផ្អាកបង់ការប្រាក់និងការកាត់បន្ថយការបង់ប្រាក់ដើមដើម្បីជួយដោះស្រាយបំណុលគ្រួសារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្រេចរបស់អ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ខណៈថ្លែងប្រាប់សន្និសីទកាសែតមួយថា វិធានការទាំងនេះនឹងជួយអ្នកខ្ចីផ្នែកលក់រាយនិងអាជីវកម្មខ្នាតតូច។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក ភីឆៃ ឈុនហាវ៉ាអីរ៉ា (Pichai Chunhavaiira) បានប្រាប់អ្នកយកព័ត៌មានថា គណៈរដ្ឋមន្រ្តីថៃក៏បានអនុញ្ញាតឱ្យធនាគារក្នុងព្រទេសបង់វិភាគទានប្រចាំឆ្នាំតិចជាងមុនទៅឱ្យមូលនិធិអភិវឌ្ឍន៍គ្រឹះស្ថានហិរញ្ញវត្ថុ(FIDF) ដោយបង់ត្រឹមតែ ០,២៣ភាគរយនៃប្រាក់បញ្ញើរបស់ពួកគេផងដែរ។
ក្រុមមន្ត្រីថៃបានឱ្យដឹងថា ការបង់វិភាគទានតិចជាងមុនទៅឱ្យមូលនិធិ FIDF នឹងជួយធនាគារឱ្យគាំទ្រដល់កូនបំណុលរបស់ពួកគេ។ បច្ចុប្បន្នធនាគារនៅប្រទេសថៃត្រូវបង់វិភាគទានជាប្រចាំឆ្នាំចំនួន ០,៤៦ភាគរយនៃប្រាក់បញ្ញើរបស់ពួកគេទៅឱ្យមូលនិធិ FIDF ដែលជាមូលនិធិរបស់ធនាគារកណ្តាលប្រទេសថៃដែលជួយផ្តល់ជំនួយហិរញ្ញវត្ថុដល់ស្ថាប័នដែលមានបញ្ហា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលថៃថា វិធានការទាំងនេះនឹងជួយអ្នកខ្ចីដែលបង់កម្ចីយឺតរហូតដល់រយៈពេលមួយឆ្នាំសម្រាប់កម្ចីទិញផ្ទះដែលមានទឹកប្រាក់រហូតដល់ ៥លានបាត (ជិត ១៥ម៉ឺនដុល្លារអាមេរិក)។
រដ្ឋាភិបាលថៃបានព្យាយាមបន្ធូរបន្ថយបន្ទុកបំណុលគ្រួសារដែលខ្លួនមើលឃើញថាជាឧបសគ្គចំពោះការប្រើប្រាស់និងកំណើនសេដ្ឋកិច្ច។ ប្រទេសថៃមានអនុបាតបំណុលគ្រួសារធៀបនឹងផលិតផលក្នុងស្រុកសរុបចំនួន ៨៩,៦ភាគរយគិតត្រឹមដំណាច់ខែមិថុនា ដោយមានបំណុលគ្រួសារសរុប ១៦,៣ពាន់ពាន់លានបាត (៤៨២ពាន់លានដុល្លារ) ពោលគឺស្ថិតក្នុងចំណោមកម្រិតបំណុលខ្ពស់បំផុតនៅអាស៊ី។ នេះបើយោងតាមរ៉យទ័រ៕