(ភ្នំពេញ)៖ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ កម្ពុជាមានបំណុលសាធារណៈសរុប ១១.៧៨ ប៊ីលានដុល្លារអាមេរិក ខណៈរដ្ឋាភិបាល នៅតែវាយតម្លៃថា ស្ថានភាពបំណុលនៅកម្ពុជា បន្តស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺនៅតែមាន «ចីរភាព» និង«ហានិភ័យកម្រិតទាប»។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
យោងតាមរបាយការណ៍នេះបានឱ្យដឹងថា ក្នុងចំណោមសន្និធិបំណុលសាធារណៈ ១១.៧៨ ប៊ីលានដុល្លារអាមេរិកនេះ ក្នុងនោះ៩៩% ត្រូវនឹងប្រមាណ ១១.៦៧ ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស និង១% ត្រូវនឹងប្រមាណ១១៥ លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។
សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន៖ ៤៥% ជាដុល្លារអាមេរិក, ១៩% ជាអេសដេអ៊ែ, ១២% ជាយេនជប៉ុន, ១១% ជាយ័នចិន, ៨% ជាអឺរ៉ូ, និង៥% ទៀត ជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។
ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងផងដែរថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ៧៣៨.០៧ លានដុល្លារអាមេរិក ឬស្មើនឹង ៥៤២.៥៥ លានអេសដេអ៊ែ។ ជារួមសរុប ចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា សរុបចំនួន ១.០៧ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៧៨៦.៦៨លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៤៦% នៃពិតានដែលច្បាប់អនុញ្ញាត (១៧០០លាន អេសដេអ៊ែ) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី៣៨% និងក្របខ័ណ្ឌពហុភាគី ៦២%។ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងត្រីមាសទី១រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ មានកំណើនប្រមាណ ៧%។
ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យម ប្រមាណ៤៧%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែក ទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។
ក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបានពោល គឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ។ ការរក្សាបាននូវចីរភាពបំណុល សាធារណៈនេះ គឺអាស្រ័យដោយកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍៖ ១) ក្របខ័ណ្ឌគតិយុត្ត, ២) គោលនយោបាយ, យុទ្ធសាស្ត្រ, និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, ៣) សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, និង ៤) ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។
រាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់នូវ វិធានការជាយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈជាបន្តបន្ទាប់ ជាពិសេសគោលការណ៍គន្លឹះទាំង ៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ រួមមាន៖
១៖ ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន;
២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ
៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម;
៤៖ ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាព ខ្ពស់បំផុត; និង
៥៖ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែល ត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រង ការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេស ធានាបាន នូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
យោងតាមសេចក្តីព្រាងច្បាប់ថវិកា ដែលគណៈរដ្ឋមន្រ្តីបានអនុម័តបានឱ្យដឹងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងខ្ចីប្រាក់ប្រមាណ ២ប៊ីលានអេសដេអ៊ែរ ឬប្រមាណ ៣ពាន់លានដុល្លារបន្ថែមទៀតផងដែរ៕