(ប៉េកាំង)៖ ប្រទេសចិននឹងប្រកាន់យកគោលនយោបាយរូបិយវត្ថុ «ធូររលុងសមរម្យ» នៅឆ្នាំក្រោយ ដែលជាផ្នែកមួយនៃវិធានការគាំទ្រកំណើនសេដ្ឋកិច្ច ពោលគឺជាការផ្លាស់ប្តូរលើកដំបូងឆ្ពោះទៅរកការបន្ធូរបន្ថយគោលនយោបាយគិតចាប់តាំងពីឆ្នាំ២០១០មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនស៊ិនហួរដែលបានរាយការណ៍ដោយលទ្ធផលកិច្ចប្រជុំរបស់ការិយាល័យនយោបាយនៅថ្ងៃចន្ទថា ចិននឹងអនុវត្តគោលនយោបាយសារពើពន្ធដែលបុរេសកម្មជាងមុន និងបង្កើនការកែទម្រង់ប្រឆាំងវដ្តធ្លាក់ចុះសេដ្ឋកិច្ចមិនប្រក្រតី។
ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ថា ប្រទេសចិនក៏ត្រូវតែ «ជំរុញការប្រើប្រាស់» ឱ្យខ្លាំងក្លា និងពង្រីកតម្រូវការក្នុងស្រុក «នៅគ្រប់ទិសដៅទាំងអស់»។
ការលើកឡើងនេះបានត្រូវបានដកស្រង់ចេញពីរបាយការណ៍ផ្លូវការនៃកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្ត ដែលហៅថាការិយាល័យនយោបាយ និងបានធ្វើឡើងមុនពេលសន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមប្រចាំឆ្នាំនៅចុងសប្តាហ៍នេះ ដើម្បីកំណត់គោលដៅសំខាន់ៗ និងគោលបំណងគោលនយោបាយសម្រាប់ឆ្នាំក្រោយ។
ស៊ីនហួបានរាយការណ៍ថា នៅឆ្នាំ២០២៥ អាជ្ញាធរត្រូវតែប្រកាន់ខ្ជាប់នូវ «គោលការណ៍នៃការបន្តឆ្ពោះទៅរកវឌ្ឍនភាព ខណៈពេលដែលរក្សាបាននូវស្ថិរភាព» ដោយប្រើប្រាស់វឌ្ឍនភាពដើម្បីធានាស្ថិរភាពនិងជំរុញការច្នៃប្រឌិត។
ស៊ិនហួរបានឱ្យដឹងទៀតថា៖ «គោលនយោបាយសារពើពន្ធបុរេសកម្មជាងមុន និងគោលនយោបាយរូបិយវត្ថុដែលធូររលុងសមរម្យគួរត្រូវបានអនុវត្ត ពង្រឹង និងកែលម្អកញ្ចប់ឧបករណ៍គោលនយោបាយ ពង្រឹងការកែសម្រួលការប្រឆាំងវដ្តវិសាមញ្ញ»៕