(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងពីមុខព្រួញ២ ដែលបង្កើនសម្ពាធលើឯករាជ្យភាព របស់ធនាគារកណ្តាល ក្នុងការអនុវត្ត និងដឹកនាំនយោបាយរូបិយវត្ថុ ជាពិសេសធនាគារកណ្តាលនៃប្រទេសកំពុងអភិវឌ្ឍន៍។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វ ើឡើងក្នុងឱកាសលោកស្រីបណ្ឌិត បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាល នៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិនលើកទី៦០ នៅទីក្រុងសេអ៊ូល សាធាណរដ្ឋកូរ៉េ។

លោកស្រីបណ្ឌិតបានបន្ថែមថា ក្នុងនោះមុខព្រួញទី១ គឺការទប់ស្កាត់ការកើនឡើង នៃអតិផរណាដ៏ខ្ពស់ ដែលកើតឡើងដោយសារកត្តាអាក់ខាន ក្នុងការផ្គត់ផ្គង់ក្នុងបរិការណ៍នៃសង្រ្គាម និងជម្លោះភូមិសាស្រ្តនយោបាយ ក្នុងមុខព្រួញនេះធនាគារកណ្តាលភាគច្រើន ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីកាត់បន្ថយសម្ពាធអតិផរណា។

លោកស្រីថា ជាផលវិបាកវិធានការនេះ បានដាក់សម្ពាធបន្ថែម លើកំណើនសេដ្ឋកិច្ចកំពុងមានល្បឿនយឺតស្រាប់។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់បន្ថែមថា មុខព្រួញទី២ គឺធនាគារកណ្តាល ក្នុងប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ ត្រូវបង្ខំចិត្តកែសម្រួលនយោបាយរូបិយវត្ថុ ជាពិសេស អត្រាការប្រាក់គោល ឱ្យស្របតាមជំហរនយោបាយរូបិយវត្ថុ របស់ប្រទេសដែលមានសេដ្ឋកិច្ច ជឿនលឿនដូចជា សហរដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បើទោះបីជាអតិផរណានៅប្រទេសទាំងនោះ ស្ថិតនៅកម្រិតទាបក្តី។

លោកស្រីបានបញ្ជាក់បន្ថែមថា វិធានការសម្រួលនយោបាយរូបិយវត្ថុនេះ នឹងដាក់សម្ពាធលើកិច្ចខំប្រឹងប្រែង ដើម្បីជំរុញកំណើន។

ក្នុងនោះលោកស្រីបណ្ឌិតបានលើកឡើងពី អនុសាសន៍ជាគោលនយោបាយ សម្រាប់ជំរុញកំណើន ក្នុងស្ថានភាពមិនច្បាស់លាស់នៃ សេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន តាមរយៈការលើកកម្ពស់ផលិតភាព ជាពិសេសការចាប់យកបច្ចេកវិទ្យានិងនវានុវត្តន៍ ដូចជា បញ្ញាសិប្បនិម្មិត្ត (AI) និងការប្រែក្លាយទៅជាសេដ្ឋកិច្ចបៃតងជាដើម។

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៤នេះ អង្គសន្និសីទបានពិភាក្សាអំពីជោគវាសនានៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុពិភព លោកក្នុងឆ្នាំ២០២៥ខាងមុខ ក៏ដូចជាផលប៉ះពាល់នៃ ការបែងចែកសេដ្ឋកិច្ចនៃ ប្រទេសក្នុងតំបន់អាស៊ី ទៅជាតំបន់សេដ្ឋកិច្ចតាមសក្តានុពលផ្សេងៗគ្នា៕