(ភ្នំពេញ)៖ ក្រុមហ៊ុននាំចេញអង្ករ City Rice ដែលត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុននាំចេញ​អង្ករឈានមុខមួយនៅកម្ពុជា រំពឹងថា នៅឆ្នាំ២០២៤នេះ នឹងនាំចេញអង្ករ ចន្លោះពី៨-៩ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ខណៈក្រុមហ៊ុននេះ ធ្លាប់មានបទពិសោធជោគជ័យក្នុងការនាំចេញអង្ករជាច្រើនឆ្នាំ។

ថ្លែងនៅក្នុង កម្មវិធី FRESH BUSINESS​ ​ពិភាក្សាលើប្រធានបទ៖ «អាថ៌កំបាំងនៅពីក្រោយភាពរីកចម្រើននៃការដឹកនាំក្រុមហ៊ុននាំចេញអង្ករ City Rice» ​ឧកញ៉ា ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល City Rice បានឱ្យដឹងថា នៅរយៈពេល៣ឆ្នាំចុងក្រោយនេះ គឺនៅឆ្នាំ២០២២ , ២០២៣ និងឆ្នាំ២០២៤ City Rice បានឈានមុខគេលំដាប់លេខ១ នៅក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសនៅក្នុងឆ្នាំ២០២២ បាននាំចេញក្នុងរង្វង់ជាង១០ម៉ឺនតោន, ឆ្នាំ២០២៣ បាននាំចេញជាង៨ម៉ឺនតោន និងឆ្នាំ២០២៤នេះ រំពឹងថា នឹងនាំចេញក្នុងរង្វង់ពី៨ទៅ៩ម៉ឺនតោន។

លោកបានលើកឡើងថា នៅពីក្រោយភាពជោគជ័យ ដែលជំរុញឱ្យការនាំចេញអង្កររបស់ City Rice នាំមុខគេ ដោយសារលោកទទួលបានបទពិសោធយ៉ាងច្រើន ក្នុងការធ្វើជំនួញក្នុងវិស័យស្រូវអង្ករពីឪពុកម្តាយ ដែលធ្វើឱ្យលោកមានភាពរឹងមាំ ​និងបានវិវត្តិខ្លួនជាបន្តបន្ទាប់ ពីអ្នកកិនស្រូវផ្គត់ផ្គង់តែក្នុងស្រុក រហូតដល់នាំចេញទៅក្រៅប្រទេស។

ជាមួយគ្នានេះ ក្រុមហ៊ុនមានចក្ខុវិស័យច្បាស់លាស់ ដោយផ្តោតទៅលើការនាំចេញជាចម្បង ​ជំរុញលើការនាំចេញអង្ករ ដែលមានគុណភាពល្អទៅកាន់ពិភពលោក និងអនុវត្តទៅតាមអនុសាសន៍ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជំរុញឱ្យការនាំចេញអង្ករសម្រេចបាន ១លានតោន ក្នុងមួយឆ្នាំ៕ ​

សូមស្តាប់ការលើកឡើងលម្អិតបន្ថែមរបស់​ឧកញ៉ា ឡាយ ឈុនហួ៖