(ភ្នំពេញ)៖ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) កម្ពុជា-ឡាវ ត្រូវបានភាគីទាំងពីរចុះហត្ថលេខា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ​ដើម្បីលុបបំបាត់ ការយកពន្ធត្រួតគ្នា​រវាងកម្ពុជានិងឡាវ ​ក្នុងគោលដៅផ្តល់ផលប្រយោជន៍ដល់ធុរជន កម្ពុជា និងឡាវ។

​ភាគីកម្ពុជា​ចុះហត្ថលេខាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលនៃ​កម្ពុជា និងលោក SANTIPHAB PHOMVIHANE រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្នុងនាមរដ្ឋាភិបាលឡាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងលោកបណ្ឌិត SONEXAY SIPHANDONE នាយករដ្ឋមន្ត្រី​ឡាវ។

កិច្ចព្រមព្រៀង DTA កម្ពុជា-ឡាវ នេះ ជាកិច្ចព្រមព្រៀង DTA ទី១២ ដែល​កម្ពុជាបានចុះហត្ថលេខាជាមួយយុត្តាធិការដៃគូ និងជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោម សមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំ​ដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ​សម្រេចបាន។ ទន្ទឹមនឹងនេះ កម្ពុជាបាន និងកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងនេះ ជាមួយបណ្តាយុត្តាធិការដៃគូមួយចំនួនទៀត ដូចជា ជប៉ុន មីយ៉ាន់ម៉ា ម៉ារ៉ុក ​អេមីរ៉ាតអារ៉ាប់រួម បារាំង និងកាតា ជាដើម។​

កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា​ មិនគ្រាន់តែបង្កើតឡើងដើម្បីលុបបំបាត់ ការយកពន្ធត្រួតគ្នានោះទេ ​កិច្ចព្រមព្រៀងនេះក៏ចូលរួមចំណែកក្នុងការធ្វើឱ្យកើនឡើងការវិនិយោគផ្ទាល់ពីបរទេសនិងបង្កើនភាពប្រកួតប្រជែងអន្តរជាតិ ព្រមទាំងផ្តល់ទំនុកចិត្តនិងភាពប្រាកដប្រជាដល់វិនិយោគិនបរទេសតាមរយៈ ការផ្តល់វិធានច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងភាគីនៃកិច្ចព្រមព្រៀង, ការលើកលែងឬបន្ធូរបន្ថយលើការអនុវត្តចំពោះ​ប្រភេទពន្ធមួយចំនួន, លុបបំបាត់ ការរើសអើងពន្ធ, ផ្តល់យន្តការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ និងដោះស្រាយបញ្ជាការគេចវេះពន្ធនិងការបន្ថយមូលដ្ឋានពន្ធ តាមរយៈការផ្លាស់ប្តូរព័ត៌មានរវាងភាគីនៃកិច្ចព្រមព្រៀង។

រហូតមកទល់ពេលនេះ កម្ពុជាមានកិច្ចព្រមព្រៀង DTA ចំនួន១១ បានចូលជាធរមាន រួមមានជាមួយ សិង្ហបុរី ​មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨​, សាធារណរដ្ឋប្រជាមានិតចិន​មានប្រសិទ្ធភាពអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩​, ​ថៃ ​មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨​, ព្រុយណេថារូសាឡាម​ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩​ ,​​វៀតណាម ​មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០​ ,ឥណ្ឌូណេស៊ី ​មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១​, ​ហុងកុង ​មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០, ម៉ាឡេស៊ី ​មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១​,កូរ៉េខាងត្បូង មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២​ ,តំបន់រដ្ឋបាលពិសេសម៉ាកាវ ​​មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤​ និងប្រទេសតួកគី មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤​៕