(ប៉េកាំង)៖ លោក ជូ មិន (Zhu Min) អតីតមន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលចិនបានឱ្យដឹងថា ប្រទេសចិននឹងសងសឹកប្រសិនបើប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ធ្វើតាមការសន្យារបស់លោកដោយដំឡើងពន្ធ ៦០% លើទំនិញនាំចូលពីចិន នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក Zhu អតីតទេសាភិបាលរងធនាគារកណ្តាលចិនបានថ្លែងនៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ Bloomberg កាលពីថ្ងៃសុក្រថា «ប្រសិនបើលោក ត្រាំ និងរដ្ឋាភិបាលរបស់លោកពិតជាដកហូតពន្ធ ៦០% លើទំនិញរបស់ប្រទេសចិនមែន ខ្ញុំគិតថា ប្រទេសចិននឹងសងសឹក» និងនាំយកករណីនេះទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក។ លោកបានបន្ថែមថា៖ «មានរឿងជាច្រើនដែលពួកគេអាចធ្វើបាន»

លោក Zhu មិនបានបញ្ជាក់ពីវិធានការសងសឹកដែលអាចធ្វើឡើងទេ។ ប៉ុន្តែលោកបាននិយាយថា ពន្ធគយនឹងប៉ះពាល់ដល់រូបិយប័ណ្ណចិន ដែលត្រូវបានកំណត់ដោយកម្លាំងទីផ្សារដូចជាពាណិជ្ជកម្មនិងលំហូរមូលធនជាដើម។ លោកបានបន្ថែមថា ពន្ធគយក៏នឹងប៉ះពាល់ដល់តម្រូវការរបស់ចិននូវប័ណ្ណបំណុលរតនាគារសហរដ្ឋអាមេរិកផងដែរ។ ប្រទេសចិនគឺជាម្ចាស់បំណុលបរទេសធំទី២ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្ទាប់ពីប្រទេសជប៉ុន ដោយកាន់កាប់បំណុលគិតជាទឹកប្រាក់ប្រហែល ៧៧៥ពាន់លានដុល្លារនៅក្នុងរតនាគារ។

លោក Zhu ដែលបច្ចុប្បន្នគឺជាប្រធានវិទ្យាស្ថានជាតិស្រាវជ្រាវហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Tsinghua បាននិយាយថា ពន្ធគយ «នឹងប៉ះពាល់ដល់អត្រាប្តូរប្រាក់។ វានឹងប៉ះពាល់ដល់លំហូរមូលធនរបស់ប្រទេសចិន ហើយនឹងប៉ះពាល់ដល់ទំហំប័ណ្ណបំណុលរតនាគារ សហរដ្ឋអាមេរិកដែលចិននឹងទិញ»

លោក ត្រាំ បានដកហូតពន្ធគយរហូតដល់ ២៥% លើការនាំចូលទំនិញពីប្រទេសចិនក្នុងទឹកប្រាក់ជាង ៣០០ពាន់លានដុល្លារក្នុងពេលដែលគាត់ជាប្រធានាធិបតីអាមេរិក ដែលបង្កឱ្យមានការសងសឹកពីទីក្រុងប៉េកាំង ហើយលោកប្រធានាធិបតីអាមេរិកបច្ចុប្បន្ន ចូ បៃឌិន បានរក្សាទុកពន្ធគយភាគច្រើននៅដដែល។ ក្នុងពេលឃោសនាបោះឆ្នោត លោក ត្រាំ បានគំរាមបង្កើនយកពន្ធលើទំនិញរបស់ចិនដល់ទៅ ៦០% ពោលគឺជាកម្រិតមួយដែលស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច Bloomberg Economics បាននិយាយថានឹងកាត់បន្ថយពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ។

លោក Zhu ដែលក៏ជាអគ្គនាយករងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងដែរនោះបាននិយាយថា ប្រសិនបើសង្គ្រាមពាណិជ្ជកម្មកាន់តែកើនឡើង «វានឹងក្លាយជារឿងដ៏លំបាក» សម្រាប់ប្រទេសទាំងពីរ។ លោកបានបន្ថែមថា៖ «វាជាការល្អប្រសិនបើភាគីទាំងពីរអាចអង្គុយជជែកគ្នានិងសម្រេចបានការព្រមព្រៀងណាមួយព្រោះថាប្រទេសទាំងពីរពិតជាជួយបំពេញឱ្យគ្នាទៅវិញទៅមកខាងផ្នែកសេដ្ឋកិច្ច»