(បាងកក)៖ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិដ៏ធំបំផុតមួយនៅក្នុងតំបន់បានឱ្យដឹងថា ប្រទេសថៃនិងវៀតណាមនឹងស្ថិតក្នុងចំណោមប្រទេសដែលទទួលផលប្រយោជន៍ច្រើនបំផុតពីការវិលត្រឡប់មកកាន់អំណាចវិញរបស់លោក ដូណាល់ ត្រាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក Win Phromphaet ប្រធានប្រតិបត្តិក្រុមហ៊ុន Kasikorn Asset Management Co. ដែលគ្រប់គ្រងមូលនិធិជាង ១,៦ពាន់ពាន់លានបាត (៤៦ពាន់លានដុល្លារ) បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ទីផ្សារភាគហ៊ុនរបស់ប្រទេសទាំងពីរនឹងទទួលបានកំណើននៅពេលដែលលោក ត្រាំ វិលត្រលប់ចូលកាន់តំណែងវិញ ដោយសារលទ្ធភាពនៃការដំឡើងពន្ធគយលើទំនិញរបស់ចិនកាន់តែច្រើន។

លោកបានថ្លែងថា ពន្ធគយនឹងជំរុញឱ្យមានការផ្លាស់ប្តូរទីតាំងវិនិយោគចេញពីប្រទេសចិនដែលមានសេដ្ឋកិច្ចធំជាងគេទីពីរក្នុងពិភពលោក និងឆ្ពោះទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងពីរ។

ការលើកឡើងនេះគឺគ្រាន់តែជាឧទាហរណ៍ចុងក្រោយបង្អស់របស់វិនិយោគិននៅអាស៊ីដែលកំពុងស្វែងរកភាពសុទិដ្ឋិនិយមពីការឈ្នះការបោះឆ្នោតរបស់លោក ត្រាំ។ ទោះបីជាជំហរដ៏តឹងតែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះទៅលើប្រទេសចិនបានជំរុញឱ្យមានការព្រួយបារម្ភអំពីភាពតានតឹងពាណិជ្ជកម្មសកលក៏ដោយ វាក៏ផ្តល់ផលប្រយោជន៍ខ្លះនៅក្នុងទីផ្សារផងដែរ នៅពេលដែលវិនិយោគិនសំឡេងមើលទៅលើផ្នែកវិជ្ជមាននៃគោលនយោបាយរបស់រដ្ឋាភិបាលដែលនឹងចូលកាន់តំណែងក្នុងពេលឆាប់ៗនេះ។

លោក Win បាននិយាយថា សន្ទស្សន៍ផ្សារហ៊ុនគោល SET របស់ប្រទេសថៃទំនងជាកើនឡើង ១០% ពីកម្រិតបច្ចុប្បន្នរបស់ខ្លួន ដោយអាចកើនដល់ប្រហែល ១ ៦០០ពិន្ទុនៅពេលណាមួយក្នុងឆ្នាំក្រោយ។ លោក Win មិនបានផ្តល់គោលដៅសន្ទស្សន៍សម្រាប់ទីផ្សារហ៊ុនរបស់វៀតណាមទេ ប៉ុន្តែបាននិយាយថាវាជាជម្រើសកំពូលមួយរបស់គាត់។

ក្រុមហ៊ុន Kasikorn គ្រប់គ្រងមូលនិធិដែលត្រូវបានយកទៅបណ្តាក់ទុនលើប្រភេទទ្រព្យសកម្មផ្សេងៗគ្នានៅទូទាំងពិភពលោក។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុន មូលនិធិវិនិយោគបរទេសដ៏ធំបំផុតរបស់ក្រុមហ៊ុនរួមមានទាំងមូលនិធិមួយដែលអាចទទួលបានផលចំណេញច្រើនបំផុតពីផ្សារហ៊ុនចិន។

ករណីសុទិដ្ឋិនិយមដែលលើកឡើងដោយលោក Win នេះធ្វើឡើងដោយមួយផ្នែកផ្អែកលើប្រវត្តិសាស្ត្រដែលកើតឡើងរួចម្តងទៅហើយ ពោលគឺនៅក្រោមអាណត្តិដំបូងរបស់លោក ត្រាំ ភាគហ៊ុននៅវៀតណាម និងថៃបានដំណើរការល្អជាងផ្សារហ៊ុនផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារប្រទេសទាំងពីរបានទាក់ទាញការវិនិយោគពីបរទេស ហើយបានរីកចម្រើនក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ឧស្សាហកម្មនានាដូចជារថយន្ត និងអេឡិចត្រូនិចជាដើម។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg លោកបាននិយាយកាលពីថ្ងៃសុក្រថា៖ «ប្រទេសថៃ និងវៀតណាមនឹងក្លាយជាអ្នកទទួលផលដ៏ធំបំផុតនៅក្នុងតំបន់សម្រាប់ការផ្លាស់ទីតាំងផលិតកម្ម»