(បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃកំពុងកំណត់ទិសដៅសេដ្ឋកិច្ច ៣,៥ភាគរយនៅឆ្នាំ២០២៥ បន្ទាប់ពីរំពឹងថានឹងសម្រេចបាន ២,៧ភាគរយក្នុងឆ្នាំនេះ ហើយរដ្ឋាភិបាលនឹងពិចារណាចាត់វិធានការជំរុញបន្ថែមទៀត និងដាក់ដំណើរការផែនការដំណាក់កាលទី២ នៃគម្រោងឧត្ថម្ភសាច់ប្រាក់ទំហំ ១៤ពាន់លានដុល្លារផងដែរ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោករដ្ឋមន្ត្រី Pichai Chunhavajira បានប្រាប់វេទិកាធុរកិច្ចមួយថា កំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ ដោយសារការវិនិយោគនិងការងារទាប បំណុលគ្រួសារខ្ពស់ និងការជួបប្រទះបញ្ហានានាចំពោះអាជីវកម្មខ្នាតតូច។

សេដ្ឋកិច្ចធំទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានកើនឡើងត្រឹមតែ ១,៩ភាគរយកាលពីឆ្នាំមុន ស្របពេលដែលអនុបាតបំណុលគ្រួសារធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) មានទំហំ ៨៩,៦ភាគរយគិតត្រឹមដំណាច់ខែមិថុនា ពោលគឺជាអត្រាមួយខ្ពស់បំផុតក្នុងចំណោមប្រទេសផ្សេងទៀតក្នុងទ្វីបអាស៊ី។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «បញ្ហារចនាសម្ព័ន្ធរបស់ប្រទេសថៃមានន័យថា មិនមានការវិនិយោគលើបច្ចេកវិទ្យាថ្មីទេ»។ លោកបានបន្ថែមថា៖ «គោលនយោបាយសារពើពន្ធនិងរូបិយវត្ថុត្រូវតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហា»។ លោកថ្លែងទៀតថា លំហរសារពើពន្ធមានទំហំតូចដោយសារបំណុលសាធារណៈកើនឡើង។

អនុបាតបំណុលសាធារណៈធៀបនឹងផលិតផលក្នុងស្រុកសរុបមានចំនួន ៦៣,២៨ភាគរយគិតត្រឹមខែកញ្ញា ហើយលោក Pichai បាននិយាយថា រដ្ឋាភិបាលនឹងធានាថា វានឹងមិនលើសពីពិដាន ៧០ភាគរយទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕