(ហាណូយ)៖ ទេសាភិបាលធនាគារកណ្តាលវៀតណាមអ្នកស្រី ង្វៀន ធីហុង (Nguyen Thi Hong) បាននិយាយនៅថ្ងៃចន្ទថា ធនាគារកណ្តាលបានត្រៀមខ្លួនជាស្រេចដើម្បីលក់ប្រាក់ដុល្លារអាមេរិកទៅក្នុងទីផ្សារដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់អ្នកស្រី ហុង ខណៈថ្លែងទៅកាន់រដ្ឋសភានៅទីក្រុងហាណូយថា៖ «ទីផ្សារអត្រាប្តូរប្រាក់មានភាពប្រែប្រួលបន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក»។ អ្នកស្រីបានបន្ថែមថា ការគ្រប់គ្រងទីផ្សារគឺជាកិច្ចការដ៏លំបាកមួយ។

អ្នកស្រី ហុង បាននិយាយថា ធនាគារកណ្តាលវៀតណាមនឹងផ្តល់អាទិភាពលើការគ្រប់គ្រងស្ថិរភាព និងអតិផរណា ប៉ុន្តែនឹងមានវិធានការដើម្បីគាំទ្រដល់គោលដៅរបស់រដ្ឋាភិបាលក្នុងការជំរុញល្បឿនកំណើនសេដ្ឋកិច្ច។ អ្នកស្រីបានមានប្រសាសន៍ថា៖ «យើងកំពុងបង្កើនកញ្ចប់ប្រាក់កម្ចីអនុគ្រោះសម្រាប់គម្រោងនានាដើម្បីអភិវឌ្ឍលំនៅឋានសម្រាប់អ្នកមានប្រាក់ចំណូលទាប និងសម្រាប់ឧស្សាហកម្មវារីវប្បកម្ម»

កំណើនសេដ្ឋកិច្ចរបស់វៀតណាមភាគច្រើនពឹងផ្អែកទៅលើកំណើនឥណទានដែលមានកម្រិតរឹងមាំ ប៉ុន្តែអ្នកស្រី ហុង បាននិយាយថា ទំហំប្រាក់កម្ចីសរុបមានកម្រិត «ខ្ពស់រួចស្រេចទៅហើយ» ដែលស្មើនឹង ១២០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម។

អ្នកស្រីបានបន្តថា៖ «ការបន្តពឹងផ្អែកលើវិធានការបន្ធូរបន្ថយនឹងជួបហានិភ័យ»។ អ្នកស្រីបាននិយាយថា ការប្រមូលមូលនិធិតាមរយៈមូលបត្របំណុលសាជីវកម្ម និងទីផ្សារភាគហ៊ុនពីសំណាក់ក្រុមហ៊ុនត្រូវបានលើកទឹកចិត្ត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕