(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យដំណើរការ រកម្មវិធីទូទាត់បាគងទេសចរ (Belong Tourists App) ជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ Mastercard ដើម្បីជំរុញការប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរ សម្រួលប្រតិបត្តិការ ទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរមកប្រទេសកម្ពុជា។

ការដាក់ឲ្យដំណើរការនេះ រៀបចំឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការចូលរួមពី
លោកស្រីប​ណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងទេសចរណ៍ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូ-ហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិសរុបប្រមាណ ៣៥០រូប។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសចរអន្តរជាតិនឹងទទួលបានបទពិសោធន៍ទូទាត់ថ្លៃទំនិញ និងសេវាតាមប្រព័ន្ធឌីជីថល កាន់តែងាយស្រួល ដោយគ្រាន់តែទាញយកកម្មវិធីទូទាត់
បាគងទេសចរ រួចបញ្ចូលទឹកប្រាក់ ក្នុងគណនីបាគងដោយភ្ជាប់ជាមួយប័ណ្ណទូទាត់ Mastercard ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។

ទន្ទឹមនឹងនេះអាជីវកម្មក្នុងស្រុក អាចផ្តល់បទពិសោធន៍នៃការទូទាត់ តាមប្រព័ន្ធឌីជីថលប្រកបដោយ ភាពងាយស្រួល រហ័ស និងសុវត្ថិភាព ដល់ភ្ញៀវទេសចរដែលធ្វើដំណើរមកកម្ពុជាផងដែរ។

សមិទ្ធផលថ្មីនេះសំដៅរួមចំណែក ជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការពង្រីកលទ្ធភាព ក្នុងការទូទាត់ឌីជីថលឱ្យកាន់តែសម្បូរបែប ងាយស្រួល ប្រសិទ្ធភាព និងសុវត្ថិភាព។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែពង្រីកមុខងារ របស់កម្មវិធីទូទាត់បាគង សម្រាប់ទេសចរប៉ុណ្ណោះទេ ថែមទាំងសបញ្ជាក់ពីចក្ខុវិស័យរួម របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ផងដែរ។

លោកស្រីបណ្ឌិតបានបន្ដថា ភ្ញៀវទេសចរអន្តរជាតិនឹងទទួលបានបទពិសោធន៍
ក្នុងការទូទាត់យ៉ាងរលូន និងឆាប់រហ័ស ដែលបានរួមចំណែកដល់និរន្តរភាព និងភាពនៃវិស័យ
ទេសចរណ៍របស់យើង។ លើសពីនេះគំនិតផ្តួចផ្តើមនេះ ក៏ស្របតាមគោលនយោបាយអភិវឌ្ឍ
សេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកស្រីបណ្ឌិតបញ្ជាក់ថា ចំពោះការទូទាត់តាម អេបរបស់បាគង គឺអាចធ្វើការទូទាត់បាន ជាមួយបណ្ដាប្រទេសផ្សេង ចំពោះធនាគារដទៃទៀត មានធនាគារខ្លះអាចទូទាត់បាន ចំពោះធនាគារខ្លះទៀតពុំទាន់អាចទូទាត់បានឡើយ ដោយកំពុងតែសិក្សា ដើម្បីអាចទូទាត់បាននៅពេលខាងមុខ។

លោកស្រីបណ្ឌិបានបន្ដថា​ «ចំពោះការទូទាត់អាចទូទាត់បានលុះត្រាតែ​ អតិថិជនទាំងនោះមានគណនីជាប្រាក់រៀល ដូច្នេប្រសិនបើមិនមានគណនីជាប្រាក់រៀលនោះទេ ការទូទាត់មិនអាចធ្វើបានឡើយ។ ដើម្បីបន្ថែមភាពងាយស្រួលដល់ទេសចរណ៍ អាចធ្វើការទូទាត់ប្រាក់ តាមកន្លែងលក់អាហារតូចៗដូចជា កន្លែងលក់ចេកចៀន, កន្លែងលក់ម្ចូរ, កន្លែងលក់ការ៉េមបានទល់តែអ្នកលក់ទាំងនោះ មានការប្រើប្រាស់ KHQR Code ជាប្រាក់រៀល ទើបធ្វើឲ្យទេសចរទាំងនោះអាចទូទាត់ប្រាក់បាន»។

លោកស្រីបណ្ឌិត ជា សិរី សូមអំពាវនាវដល់អ្នកក្នុងវិស័យទេសចរ ជួយផ្សព្វផ្សាយបន្ថែមទៀតលើការទូទាត់នេះ មានន័យថា ជួយប្រកាសផ្សព្វផ្សាយ ប្រាប់ដល់អាជីវករថា ទេសចរចូលមកកម្ពុជា អាចទូទាត់បានលុះត្រាតែអ្នកលក់ មានគណនីជាប្រាក់រៀល ប្រសិនបើអាជីវករមានតែគណនីប្រាក់ដុល្លារ នោះទេសចរមិនអាចទូទាត់ប្រាក់តាម QR Codeបានឡើយ។

លោក Sapan Shah អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកដំណោះស្រាយ សម្រាប់ការទទួលយក
ប័ណ្ណរបស់ក្រុមហ៊ុន Mastercard លើកឡើងថា «Mastercar មានសេចក្តីរំភើបរីករាយដែលបាន សហការជាមួយធនាគារជាតិនៃកម្ពុជា តាមរយៈការតភ្ជាប់ជាមួយប្រព័ន្ធបាគង ដើម្បីធ្វើឱ្យប្រតិបត្តិការទូទាត់តាមឌីជីថល កាន់តែងាយស្រួល សម្រាប់ទាំងភ្ញៀវទេសចរ និងអាជីវករក្នុងស្រុកនៅកម្ពុជា»

លោកបានបន្ដថា លើសពីនេះ យើងក៏កំពុងជួយជំរុញអាជីវករក្នុងស្រុក ឱ្យទទួលយកការទូទាត់ ដោយគ្មានសាច់ប្រាក់ ដោយបង្កើនប្រសិទ្ធភាព និងកាត់បន្ថយបញ្ហាប្រឈមនានា ទាក់ទងនឹងការគ្រប់គ្រងសាច់ប្រាក់ ហើយនេះជាការបោះជំហានដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចឌីជីថល។

លោកបានបន្ថែមថា ក្រោមកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ Mastercard ទាំងអស់អាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីបាគងដោយផ្ទាល់ តាមរយៈកម្មវិធីទូទាត់បាគង សម្រាប់ទេសចរដែលទើបតែត្រូវបានដាក់ឱ្យដំណើរការ កាលពីពេលថ្មីៗនេះ ដូច្នេះភ្ញៀវទេសចរ នឹងរីករាយជាមួយបទពិសោធថ្មីនេះ ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា៕