(ញូវយ៉ក)៖ សហរដ្ឋអាមេរិកបានបញ្ជាឱ្យក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) បញ្ឈប់ការនាំចេញបន្ទះឈីបបច្ចេកវិទ្យាទំនើបទៅឱ្យអតិថិជនចិនដែលជារឿយៗត្រូវបានប្រើប្រាស់ក្នុងកម្មវិធីបញ្ញាសិប្បនិមិ្មតចាប់ផ្តើមពីថ្ងៃចន្ទតទៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងកិច្ចការនេះថា ក្រសួងពាណិជ្ជកម្មអាមេរិកបានផ្ញើលិខិតមួយទៅកាន់ក្រុមហ៊ុន TSMC ដោយដាក់ការរឹតបន្តឹងលើការនាំចេញបន្ទះឈីបទំនើបមួយចំនួនដែលផលិតឡើងក្នុងចំណោមបន្ទះឈីប nanometer ចំនួន៧ ឬច្រើនជាងនេះ ដែលផលិតឡើងសម្រាប់ប្រទេសចិនសម្រាប់ដំណើរការកម្មវិធី AI accelerator និងអង្គដំណើរការក្រាហ្វិក (GPU)។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា បទបញ្ជារបស់សហរដ្ឋអាមេរិកដែលត្រូវបានរាយការណ៍ជាលើកដំបូងនេះ បានកើតមានឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន TSMC បានជូនដំណឹងទៅក្រសួងពាណិជ្ជកម្មអាមេរិកថា បន្ទះឈីបមួយរបស់ខ្លួនត្រូវបានគេរកឃើញមាននៅក្នុងប្រព័ន្ធដំណើរការបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន Huawei ដូចដែលទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែមុន។ ក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា Tech Insights បានរុះរើផលិតផលនោះនិងបានប្រទះឃើញបន្ទះឈីបរបស់ក្រុមហ៊ុន TSMC ដែលការណ៍នេះបានរំលោភជាក់ស្តែងទៅលើការគ្រប់គ្រងការនាំចេញ។

ក្រុមហ៊ុន Huawei ដែលជាចំណុចផ្តោតនៃការចាត់វិធានការរបស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងបញ្ជីពាណិជ្ជកម្មរឹតបន្តឹង ដែលតម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទទួលបានអាជ្ញាប័ណ្ណនាំចេញទំនិញ ឬបច្ចេកវិទ្យាណាមួយទៅកាន់ក្រុមហ៊ុននេះ។ ការទទួលបានអាជ្ញាប័ណ្ណណាមួយដែលអាចជួយដល់កិច្ចខិតខំប្រឹងប្រែងខាងផ្នែក AI របស់ក្រុមហ៊ុន Huawei ទំនងជាត្រូវបដិសេធ។

ប្រភពព័ត៌មានបានប្រាប់រ៉យទ័រកាលពីខែមុនថា ក្រុមហ៊ុន TSMC បានផ្អាកការនាំចេញទៅឱ្យក្រុមហ៊ុនផលិតបន្ទះឈីប Sophgo ដែលមានមូលដ្ឋាននៅប្រទេសចិន បន្ទាប់ពីបន្ទះឈីបរបស់ខ្លួនត្រូវគ្នានឹងបន្ទះឈីបដែលបានរកឃើញនៅលើប្រព័ន្ធដំណើរការបច្ចេកវិទ្យាសិប្បនិម្មិតរបស់ក្រុមហ៊ុន Huawei៕