(ទីក្រុងឡុងដ៍-ចក្រភពអង់គ្លេស)៖ ក្នុងមាគ៌ាឆ្ពោះទៅរកការពង្រឹងភាពជាដៃគូអភិវឌ្ឍរវាងចក្រភពអង់គ្លេស និងកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញប្បទាននាំចេញចក្រភពអង់គ្លេស (UKEF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ សំដៅគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ច-កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានប្រព្រឹត្តទៅនៅក្រសួងហិរញ្ញវត្ថុនៃចក្រភពអង់គ្លេស ដោយលោក មាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងឱ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Vomic Shah, Head of Origination នៃស្ថាប័ន UKEF ដែលបានឆ្លុះបញ្ចាំង អំពីភាពជាដៃគូផ្នែកហេដ្ឋារចនាសម្ព័ន្ធបៃតង និងយុទ្ធសាស្ត្ររវាងចក្រភពអង់គ្លេស និងកម្ពុជា។
ដើម្បីបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព អនុស្សរណៈនៃការយោគយល់នេះ នឹងជំរុញឱ្យមានការកៀរគរផ្នែកហិរញ្ញប្បទាន និងជំនាញការរបស់ចក្រភពអង់គ្លេស ក្នុងការគាំទ្រដល់ប្រទេសកម្ពុជាឱ្យរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់ ស្របពេលដែលប្រទេសកម្ពុជា កំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខ។
នៅក្នុងឱកាសនៃពិធីចុះហត្ថលេខានេះ លោក មាស សុខសេនសាន បានឱ្យដឹងថា «ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ស្ថាប័ន UKEF នាថ្ងៃនេះ គឺជាការបោះ-ជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ ក្នុងភាពជាដៃគូរវាងប្រទេសទាំងពីរ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញការរីកចម្រើន និងវិបុលភាព ក៏ដូចជាឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេសផងដែរ។ កម្ពុជា សូមសម្តែងនៅការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់រាជរដ្ឋា-
ភិបាលចក្រភពអង់គ្លេស ដោយយើងនឹងបន្តមើលលទ្ធផលជាផ្លែផ្កាដែលកើតចេញពីភាពជាដៃគូនេះ»។
ជាមួយគ្នានេះ លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ក៏បានបញ្ជាក់ផងដែរថា «ចក្រភពអង់គ្លេស មានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការទទួលស្វាគមន៍វត្តមានរបស់គណៈប្រតិភូកម្ពុជា មកកាន់ទីស្តីការក្រសួងហិរញ្ញវត្ថុ ដែលជាអគារប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស សម្រាប់ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នៅថ្ងៃនេះ»។ នៅពេលដែល កម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជានៅតែមានតម្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ដើម្បីបន្តជំរុញនូវភាពប្រកួតប្រជែង និងការអភិវឌ្ឍជាតិ។ ក្នុងដំណើរនៃការអភិវឌ្ឍនេះ កម្ពុជា ត្រូវទាញយកឧបករណ៍ហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ ដើម្បីផ្តល់ជាមូលនិធិសម្រាប់ការវិនិយោគទាំងនេះ។ តាមរយៈនេះ ស្ថាប័ន UKEF ផ្តល់នូវឧបករណ៍ហិរញ្ញវត្ថុដ៏ស័ក្តិសមមួយ ដែលអនុញ្ញាតឱ្យមានការវិនិយោគប្រកបដោយប្រសិទ្ធភាព និងលើកទឹកចិត្តដល់វិស័យឯកជនរបស់ចក្រភពអង់គ្លេស ឱ្យចូលមកប្រទេសកម្ពុជា ដោយនាំមកនូវជំនាញការ និងបង្កើតឱកាសការងារកម្រិតខ្ពស់សម្រាប់កម្ពុជាផងដែរ។
គូសបញ្ជាក់ថា ស្ថាប័ន UKEF គឺជាទីភ្នាក់ងារឥណទាននាំចេញរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស ចូលរួមក្នុងគម្រោងធំៗ តាមរយៈការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ដែលមានលក្ខណៈបត់បែន ស្របតាមតម្រូវការគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសជាដៃគូ។
ស្ថាប័ន UKEF មានយុទ្ធ-សាស្រ្តពាណិជ្ជកម្ម និងវិនិយោគសកលរបស់ខ្លួនជាច្រើន ដែលមួយក្នុងចំណោមនោះ គឺផ្តោតសំខាន់លើការកៀរគរហិរញ្ញប្បទាន និងជំនាញការ ដើម្បីគាំទ្រដល់គម្រោងដែលលើកកម្ពស់ការអភិវឌ្ឍរយៈពេលវែង ភាពធន់ និងចីរភាព ដោយពង្រឹងតួនាទីរបស់ចក្រភពអង់គ្លេស ក្នុងនាមជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍអន្តរជាតិ។
ស្ថាប័ន UKEF មិនមែនជាស្ថាប័នផ្តល់ហិរញ្ញប្បទានសម្បទាននោះទេ ប៉ុន្តែស្ថាប័ននេះ អាចផ្តល់កម្ចីដល់រាជរដ្ឋាភិបាល ក្នុងអត្រាការប្រាក់ដែលមានលក្ខណៈល្អប្រសើរ ជាងអត្រាកម្ចីពាណិជ្ជកម្ម។ សម្រាប់គម្រោងក្នុងប្រទេស កម្ពុជាផងដែរ កម្ចីដែលអាចផ្តល់ដោយស្ថាប័ននេះ អាចមានក្នុងចន្លោះចាប់ពី ១ ទៅ ២ ប៊ីលានផោន៕