(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សជាផ្នែកដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងនោះលោកបានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សឲ្យខ្លាំង ឲ្យឆ្នើម ចេញពីប្រព័ន្ធអប់រំ និងវិស័យអប់រំរបស់យើងនេះ ទើបអាចជំរុញកំណើនសេដ្ឋកិច្ចមានកំណើនលឿន ជាងការអភិវឌ្ឍមូលធន។

ការលើកឡើងរបស់លោក គី សេរីវឌ្ឍន៍ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «តើកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ចំណេញ ឬខាតអ្វីខ្លះ?»

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានថ្លែងថា «ការអភិវឌ្ឍធនធានមនុស្សឲ្យខ្លាំង ឲ្យឆ្នើម ចេញពីប្រព័ន្ធអប់រំ និងវិស័យអប់រំរបស់យើងនេះ ទើបអាចជំរុញកំណើនសេដ្ឋកិច្ចមានកំណើនលឿន ជាងការអភិវឌ្ឍមូលធន ក្នុងនោះបើប្រៀបធៀបលើសណ្ឋានដីកម្ពុជា មានផ្ទៃដៅតូច ជាប្រទេសមានពាណិជ្ជកម្មតូចជាងប្រទេសដទៃ ដូច្នេះដើម្បីជំរុញកំណើនសេដ្ឋកិច្ចត្រូវអភិវឌ្ឍធនធានមនុស្ស»

លោកបណ្ឌិតបានបន្ដថា ការបណ្ដុះមូលធនមនុស្ស និងការកែទម្រង់របស់រដ្ឋាភិបាល នឹងធ្វើឲ្យកម្ពុជា មិនធ្លាក់ចូលទៅក្នុងអន្ទាក់ នៃប្រទេសចំណូលមធ្យមនោះទេ ប៉ុន្ដែមានស្ថានភាពខ្លះអាចកើតមានឡើង ដូច្នេះវាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចអន្ដរជាតិ ដូច្នេះយើងមិនអាចព្យាករណ៍បានឡើយ ប៉ុន្ដែបើយើងមើលទៅតាមអ្វីដែលជាការខិតខំប្រឹងប្រែង ធ្វើតាមយុទ្ធសាស្រ្ដបចកោណបាន នោះយើងនឹងមិនធ្លាក់ចូលអន្ទាក់ ក្នុងរយៈពេលវែងនោះឡើយ។

លោកបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក៏ត្រូវត្រៀមខ្លួនផងដែរ ចំពោះខួបនៃសេដ្ឋកិច្ច ដែលធ្លាក់ចូលក្នុងវិបត្តិ ជាក់ស្ដែងសម្រាប់សេដ្ឋកិច្ចធ្លាក់ចូលវិបត្តិនេះ ច្រើនតែធា្លក់ចូលអំឡុងពេល១០ឆ្នាំម្ដង៕