(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បា នឲ្យដឹងថា ការធ្វើឲ្យអ្នកវិនិយោគ ចូលមកក្នុងស្រុកបានច្រើន នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកើនឡើងលឿន។

ការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «តើកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ចំណេញ ឬខាតអ្វីខ្លះ?»

លោកបានលើកឡើងថា «ដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើនកាន់តែខ្លាំង គ្មានអ្វីលឿនជាងការធ្វើឲ្យវិនិយោគ ពីក្រៅប្រទេសចូលមកក្នុងស្រុកឲ្យបានច្រើន ការវិនិយោគពីក្រៅស្រុកចូលក្នុងស្រុក មានទម្រង់២ប្រភេទ គឺការសង់រោងចក្រផលិត និងការវិនិយោគផ្នែកហិរញ្ញវត្ថុ។ បើក្រឡែកមកមើលផ្នែកហិរញ្ញវត្ថុនៅកម្ពុជា បច្ចុប្បន្ននៅមានកម្រិតនៅឡើយ មិនទាន់មានសន្ទុះនៅឡើយទេ ដូច្នេះការជំរុញការគ្រប់គ្រងដំណើរការ ទីផ្សារហិញ្ញវត្ថុរីកចម្រើនខ្លាំងជាប្រភពបង្កើនប្រាក់ចំណូល ព្រោះថាទីផ្សារ ហិរញ្ញវត្ថុជាទំហំទឹកប្រាក់ដ៏ធំមួយ ក្នុងការទទួលបានផលចំណេះដ៏ច្រើន»

លោកបានបញ្ជាក់ថា បើក្រឡែកមើលក្នុងវិស័យរោងចក្រវិញ បងប្អូនប្រាកដជាគិតដល់ ផ្នែករោងចក្រច្រើនជាងមុនគេ ដោយផ្នែករោងចក្រនេះមានទាំងការផ្គត់ផ្គង់ និងតម្រូវការ ដោយមានការចាយរបស់ពលរដ្ឋ, ការវិនិយោគរបស់ប្រជាពលរដ្ឋក្នុងស្រុក បូករួមនឹងការចំណាយនានា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់បន្ថែមថា ជាការពិតការវិនិយោគក្នុងស្រុក ប្រសិនបើយើងមិនធ្វើសេដ្ឋកិច្ចបើកចំហរនោះទេ នោះកាវិនិយោគមិនមានដំណើរការលឿននោះឡើយ ដូច្នេះយើងចាំបាច់ត្រូវការលំហូរមូលធន ពីក្រៅប្រទេសមក។ លំហូរពីក្រៅប្រទេស FDI ចូលមកនឹងមានប្រយោជន៍ច្រើន ដោយជំរុញការផលិត ធ្វើឲ្យពលរដ្ឋបង្កើតប្រាក់ចំណូល, លេចធ្លាយនៃបច្ចេកវិទ្យា៕