(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ នៅពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។
មានប្រសាសន៍ក្នុងវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «តើកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ចំណេញ ឬខាតអ្វីខ្លះ?» លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា បន្ទាប់ពីកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍ កម្ពុជានឹងបាត់ប្រព័ន្ធអនុគ្រោះពន្ធនាំចេញដូចជា GSP និង EBA ក្នុងឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច រវាងការនាំចេញដោយរួចពន្ធ និងការបង់ពន្ធរាល់ការនាំចេញទំនិញ ខុសគ្នាក្នុងរង្វង់១៥% ទៅតាមប្រភេទទំនិញ ដែលនាំទំនិញទៅសហភាពអឺរ៉ុប ។ ការនាំចេញដោយបង់ពន្ធពេញនេះនឹងនាំឱ្យទំនិញ កើនថ្លៃដើម ហើយការកើនឡើងនៃថ្លៃដើម អាចនឹងធ្វើឱ្យកម្ពុជា បាត់បង់ឱកាសក្នុងការប្រកួតប្រជែងជាមួយអ្នកផលិតទំនិញនៅបណ្តាប្រទេសផ្សេងៗដែលចូលក្នុងទីផ្សារអឺរ៉ុបដូចគ្នា។
យ៉ាងណាក្តី ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ក៏ធ្វើឱ្យកម្ពុជាទទួលបានផលចំណេញផងដែរ ដូចជាទី១. នឹងធ្វើឱ្យកម្ពុជាកាន់តែមានមុខមាត់ នៅលើឆាកអន្តរជាតិ ដែលបានចាកចេញពីប្រទេសក្រីក្រ, ទី២. ធ្វើឱ្យកម្ពុជាអាចពង្រឹងខ្លួនឯង ក្នុងការជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនថែមទៀត ព្រមទាំងការពង្រឹងទៅលើការកាត់បន្ថយថ្លៃដើមផលិត។
បន្ថែមពី នេះ លោកចង់ឱ្យកម្ពុជាជំរុញ ការបណ្តុះបណ្តាលឱ្យចំគោលដៅ ខណៈបច្ចុប្បន្នប្រជាពលរដ្ឋដែលចូលមកទទួលយកការបណ្តុះបណ្តាលវិជ្ជាជីវៈនៅមានកម្រិត ជាពិសេសការសិក្សាជំនាញបច្ចេកទេស ដែលពលរដ្ឋមិនសូវចាប់អារម្មណ៍ ៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍៖