(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញឱ្យអាជ្ញាធរភូមិ ឃុំ ជាពិសេសនៅតាមបណ្តាជនបទ បង្កើនការផ្សព្វផ្សាយ និងកៀរគរយុវជន ឱ្យមកទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានច្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ខណៈកម្ពុជាត្រៀមចាកចេញពីប្រទេសកំពុងអភិវឌ្ឍន៍តិចតួច។
លោកលើកឡើងបែបនេះធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «តើកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ចំណេញ និងខាតអ្វីខ្លះ?»
លោកបានថ្លែងថា បច្ចុប្បន្នផលិតភាពនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជាហាក់ឡើងទៅដល់កម្រិតខ្ពស់រួចហើយ ដែលមិនអាចជំរុញឱ្យខ្ពស់ជាងនេះបានច្រើនទៀតនោះទេ ហេតុនេះ កម្ពុជាត្រូវងាកមកឧស្សាហកម្មមិនមែនកាត់ដេរ ដែលរាជរដ្ឋាភិបាលត្រូវបង្កើនផលិតភាពក្នុងវិស័យមិនមែនកាត់ដេរនេះឱ្យកាន់តែខ្លាំង ។
ដើម្បីជំរុញផលិតភាពឧស្សាហកម្មមិនមែនកាត់ដេរឱ្យកាន់តែខ្លាំង ត្រូវតែជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យចំគោលដៅ។ លោកកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋកម្ពុជាហាក់មិនទាន់ច្បាស់ពីគោលដៅដែលរាជរដ្ឋាភិបាលចង់បាន ដោយភាគច្រើនពលរដ្ឋដែលចូលមកទទួលការបណ្តុះបណ្តាលជំនាញ នៅមានកម្រិតនៅឡើយ ហើយអ្នកដែលទទួលការបណ្តុះបណ្តាលជ្រើសជំនាញ សាឡាន ឬធ្វើម្ហូប ឆុងកាហ្វេជាដើម ហើយភាគតិចប៉ុណ្ណោះដែលជ្រើសរើសជំនាញបច្ចេកទេស ឬមេកានិក។
លោកបានលើកឡើងថា បញ្ហានេះអាចមកពីពលរដ្ឋយល់មិនច្បាស់ ដោយសារតែខ្វះការពន្យល់បន្ថែម ដូច្នេះហើយត្រូវតែជំរុញការផ្សព្វផ្សាយបន្ថែមពីគោលដៅនៃការបណ្តុះបណ្តាល។ ការលើកទឹកចិត្ត និងការផ្សព្វផ្សាយនេះ មេភូមិ និងមេឃុំ ដើរតួនាទីសំខាន់ណាស់ ក្នុងការកៀរគរយុវជនឱ្យមកទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសផ្សព្វផ្សាយពីសារៈសំខាន់នៃការចាប់ជំនាញបច្ចេកទេសនេះ៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍៖