(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋកូរ៉េ ដែលដឹកនាំដោយបណ្ឌិត Yoon Han Hong ប្រធានគណៈកម្មាធិការគោលនយោបាយជាតិ នៃរដ្ឋសភាសាធារណៈរដ្ឋកូរ៉េ អមដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈកម្មការសេវាហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋកូរ៉េ និងលោក Jeong Eun Bo ប្រធានអគ្គនាយកនៃផ្សារមូលបត្រកូរ៉េ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្វាគមន៍វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់នៃ គណៈកម្មាធិការគោលនយោបាយជាតិ នៃរដ្ឋសភាសាធារណៈរដ្ឋកូរ៉េ, គណៈកម្មការសេវាហិរញ្ញវត្ថុ និងផ្សារមូលបត្រកូរ៉េ មកធ្វើទស្សនកិច្ច នៅអគារផ្សារមូលបត្រកម្ពុជា, ដែលការណ៍នេះ បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ លើវឌ្ឍនភាពនៃវិស័យមូលបត្រ នៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ, បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋកូរ៉េ អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវឌ្ឍនភាពនៃវិស័យមូលបត្រនៅកម្ពុជា, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាកាលានុវត្តភាពសម្រាប់វិនិយោគិន ក្នុងស្រុក និងបរទេសជាពិសេស ការលើកទឹកចិត្តពន្ធដារ និង ការលើកទឹកចិត្តផ្សេងៗ ក្នុងវិស័យមូលបត្រ។
បណ្ឌិត Yoon Han Hong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដែលបានទទួលជួបគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណៈរដ្ឋកូរ៉េ ដើម្បីស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច និងការវិនិយោគរបស់សហគ្រាសកូរ៉េ នៅកម្ពុជា ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រីក កិច្ចសហប្រតិបត្តិការបន្ថែម រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចអំពីការរួមចំណែកដ៏សំខាន់ របស់ផ្សារមូលបត្រកូរ៉េ ក្នុងដំណើរអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា និង ការរីកចម្រើនរបស់ផ្សារមូលបត្រកម្ពុជា ដែលជាក្រុមហ៊ុនចម្រុះរដ្ឋ រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ផ្សារមូលបត្រកូរ៉េ។ ចាប់តាំងពីដំណាក់កាលដំបូង នៃការបង្កើតផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០១០, ផ្សារមូលបត្រកូរ៉េ តែងផ្តល់ការគាំទ្រ ទាំងផ្នែកបច្ចេកទេស ចំណេះជំនាញ និងធនធានដែលជាតួអង្គសំខាន់មួយ និងមិនអាចខ្វះបាន ក្នុងដំណើរអភិវឌ្ឍទីផ្សារមូលត្រនៅកម្ពុជា ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដូចសព្វថ្ងៃ ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្ថែមទៀតថា រហូតមកដល់បច្ចុប្បន្ន, ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ២៧ (ដែលរួមមាន ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន ១១ និង ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ១៦ ព្រមទាំង ការចុះបញ្ជីព័ត៌មានមូលបត្ររដ្ឋ), ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ ប្រមាណ ២០ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ, និងចំនួនគណនីជួញដូរជិត ៦ ម៉ឺនគណនី។
ទោះបីចំនួនក្រុមហ៊ុនចុះបញ្ជី នៅមានចំនួនតិចតួច និង ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ នៅមានទំហំតិចតួចនៅឡើយ ធៀបជាមួយផ្សារមូលបត្រនានាក្នុងតំបន់, បណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា តាមរយៈការរជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល, កិច្ចខិតខំប្រឹងប្រែងរបស់គ្រប់តួអង្គពាក់ព័ន្ធ ក្នុងវិស័យមូលបត្រ, និងកិច្ចសហប្រតិបត្តិការល្អជាមួយ ផ្សារមូលបត្រនានា ជាពិសេស ផ្សារមូលបត្រកូរ៉េ ដែលជាដៃគូសហប្រតិបត្តិការចាំបាច់ និងមិនអាចខ្វះបាន, ផ្សារមូលបត្រកម្ពុជា នឹងរកឃើញនូវកត្តាគន្លឹះថ្មីៗ ដើម្បីជំរុញសន្ទុះរីកចម្រើនកាន់តែខ្លាំងក្លា និងប្រកបដោយចីរភាព។
ជាចុងក្រោយ, បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋកូរ៉េ, ជាពិសេស លោកប្រធានអគ្គនាយកនៃផ្សារមូលបត្រកូរ៉េ ដែលបានបញ្ជាក់អំពីគោលជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ រវាងផ្សារមូលបត្រទាំង ២ ឱ្យកាន់តែឈានខ្ពស់ឡើងមួយកម្រិតទៀត និងឆន្ទៈរបស់ផ្សារមូលបត្រកូរ៉េ ក្នុងការចូលរួមអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា របស់ផ្សារមូលបត្រកម្ពុជា។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជូនពរគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណៈរដ្ឋកូរ៉េ ទទួលបានផ្លែផ្កា និងសមិទ្ធផល ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕