ភ្នំពេញ)៖ អ្នកវិភាគហាងឆេងមាស បានឱ្យដឹងថា បន្ទាប់ពីលោក ដូណាល់ ត្រាំ ឈ្នះក្នុងការបោះឆ្នោតជាប្រធានាធិបតីអាមេរិកនោះ បានជះឥទ្ធិពលដល់តម្លៃមាសនៅលើទីផ្សារសាកលយ៉ាងខ្លាំង តម្លៃមាសធ្លាក់ចុះប្រមាណ ១០០ដុល្លារក្នុងមួយតម្លឹង។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការធ្លាក់ចុះភ្លាមៗនៃតម្លៃមាសនេះ ដោយសារគេរំពឹងថា វត្តមានរបស់លោក ដូណាល់ ត្រាំ ដឹកនាំសហររដ្ឋអាមេរិក នឹងធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរ ក៏ដូចជាជំរុញលុយដុល្លារអាមេរិកឡើងថ្លៃ។
លោកបានពន្យល់ថា ដោយសារតែលោក ដូណាល់ត្រា គឺជាអ្នកជំនួញដ៏មានឥទ្ធិពល និងមានឥទ្ធិពលលើសេដ្ឋកិច្ច ទាំងនៅសហរដ្ឋអាមេរិក និងនៅលើពិភពលោក។ ជាមួយគ្នា តាមរយៈការឃោសនារបស់លោក ដែលបានសន្យាថា នឹងធ្វើស្ថានភាពសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកវិល ទៅរកស្ថានភាពដូចមុន ឬប្រសើរជាងមុន ក៏ជាចំណុចដែលធ្វើឱ្យតម្លៃហាងឆេងមាស មានការធ្លាក់ចុះភ្លាមៗ ព្រោះតែគេជឿជាក់ និងការរំពឹងទុក ទៅលើលោក ដូណាល់ត្រាំថា នឹងធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរ។ នៅពេលដែលសេដ្ឋកិច្ចល្អប្រសើរ លុយដុល្លាររបស់អាមេរិក នឹងកាន់តែល្អប្រសើរ ដូច្នេះហើយ ប្រសិនបើលុយដុល្លារល្អ នឹងធ្វើឱ្យមាសធ្លាក់ចុះ។
បើតាមលោក ឡុង សំណាង នៅមុនពេលបង្ហាញលទ្ធផលបោះឆ្នោត តម្លៃមាសស្ថិតនៅ ២៧៤៩ដុល្លារក្នុងមួយអោន ឬប្រមាណ ៣៣១២ដុល្លារ ក្នុងមួយតម្លឹង ប៉ុន្តែបន្ទាប់ពីលទ្ធផលបានបង្ហាញថា លោក ដូណាល់ ត្រាំ នឹងឡើងកាន់តំណែង តម្លៃមាសបានចុះមកត្រឹម ២៦៥៥ដុល្លារក្នុងមួយអោន ឬស្មើនឹង៣២០០ ក្នុងមួយតម្លឹង។ ពោលគឺធ្លាក់ចុះ ១១២ដុល្លារ ក្នុងមួយតម្លឹង។
ខណៈនៅម៉ោង ២រំលងអធ្រាត្រចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងមានការកាត់បន្ថយអត្រាការប្រាក់ចំនួន ០.២៥% គឺពី ៥% មក៤.៧៥% លោករំពឹងថា កត្តានេះនឹងធ្វើឱ្យតម្លៃមាសហក់ឡើងបន្តិចវិញផងដែរ។
តែយ៉ាងណាលោកព្យាករណ៍ថា តម្លៃហាងឆេងមាសនឹងងើបឡើងវិញ បន្ទាប់ពីលោកឡើងកាន់ដំណែងជាផ្លូវការ នៅដើមឆ្នាំ២០២៥ ព្រោះអាមេរិក គឺជាប្រទេសដែលតម្កល់ទុកមាសច្រើនជាងគេ នៅលើពិភពលោក។
លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរកិច្ច នៃក្រុមហ៊ុន GFGI បានលើកឡើងថា នេះមិនមែនជាលើកទី ១នោះទេ ដែលម្លៃមាសបានធ្លាក់ចុះ នៅពេលដែលលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតី ។ គេនៅចាំបានថា កាលពីលើកទី ១ ដែលលោកបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក កាលនោះតម្លៃហាងឆេងមាសក៏មានការធ្លាក់ចុះច្រើនផងដែរ។
ការធ្លាក់ចុះនេះ ដោយសារតែលោក ដូណាល់ត្រាំ គឺជាអ្នកជំនួញ ហេតុដូច្នេះហើយគោលនយោបាយរបស់លោក គឺផ្តោតទៅលើសេដ្ឋកិច្ច និងការសម្របសម្រួលទៅលើបញ្ហាសង្រ្គាមរបស់រុស្ស៊ី និងអ៊ុយក្រែន នោះតម្លៃហាងឆេងមាស នឹងបន្តធ្លាក់ថ្លៃ។
លោកព្យាករណ៍តម្លៃមាសនៅបន្តធ្លាក់ចុះយ៉ាងដូច្នេះ លោកផ្តល់យោបល់ដល់អ្នកដែលចង់ជួញដូរ ទៅលើហាងឆេងមាសគួរតែមានការប្រុងប្រយ័ត្ន។
លោក សុខ ហេង បានពន្យល់បន្ថែមយ៉ាងដូច្នេះថា «នៅក្នុងនាមខ្ញុំជាអ្នកមានបទពិសោធន៍ នៅក្នុងការជួញដូរទៅលើឧបករណ៍និស្សន៍ ជាពិសេសតម្លៃហាងឆេង របស់មាស ខ្ញុំគិតថា តម្លៃមាសនៅតែបន្តធ្លាក់ចុះ ហើយបើសិនជាអ្នកដែលគាត់ចង់មានការវិនិយោគទៅលើមាស គឺត្រូវប្រុងប្រយ័ត្ន នៅក្នុងការទិញដែរ ព្រោះ ត្រាំ គាត់រៀបចំគោលនយោបាយឱ្យប្រាក់ដុល្លារមានការឡើងថ្លៃ ។ បើប្រៀបនឹងលោហៈធាតុមានតម្លៃផ្សេងៗទៅប្រាក់ដុល្លារ និងរូបបិយបណ្ណប្រទេសផ្សេងៗ និងប្រាក់ដុល្លារ វាអាចនឹងមានការធ្លាក់ចុះ។ ក្នុងស្ថានភាពនេះ យើងចាំលក់វិញ ប្រសិនបើវាឡើងថ្លៃចន្លោះពី៥០ ទៅ១០០ដុល្លារវិញ»៕