(ភ្នំពេញ)៖ ខណៈកសិកដាំស្វាយកែវរមៀតខុសរដូវ​ កំពុងជួបបញ្ហាទីផ្សារ និងការធ្លាក់ថ្លៃ ប្រធានសមាគមស្វាយកែវរមៀតកំពង់ស្ពឺ បានប្រកាសប្រមូលទិញស្វាយកែវរមៀតខុសរដូវពីកសិករ​គ្រប់ប្រភេទ ទាំងស្វាយដែលមានពណ៌សម្បុរមិនល្អ និងស្វាយដែលគុណភាព ដើម្បីជួយសម្រាលបន្ទុកដល់កសិករ។

លោកស្រី ឈិន ចំរើន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បើទោះបីជាស្វាយដែលមានពណ៌សម្បុរមិនស្អាតល្អ ក៏លោកស្រីទទួលទិញដែរ លើកលែងតែបែក និងស្អុយ និងមានទំងន់ក្រោម២ខាំកន្លះ។ ដោយឡែកស្វាយដែលមានពណ៌សម្បុរខៀវស្រស់ លោកស្រីនឹងទិញក្នុងតម្លៃពេញថ្លៃ គឺចន្លោះពី៧០០រៀល ទៅ៩០០រៀលក្នុងមួយគីឡូក្រាម ទៅតាមទំហំស្វាយ និងស្វាយកញ្ចប់តម្លៃ ១៣០០រៀលក្នុងមួយគីឡូក្រាម សម្រាប់នាំចេញទៅប្រទេសថៃ។

លោកស្រីបានឱ្យដឹងថា ជាទូទៅស្វាយកែវរមៀត ដែលប្រប្រមូលផលខុសរដូវ គឺមានតម្លៃ ប៉ុន្តែដោយសារឆ្នាំនេះ អាកាសធាតុមិនអំណោយផល បានជំរុញឱ្យកសិករប្រើប្រាស់ថ្នាំ​ ដើម្បីទប់ទល់នឹងទឹកភ្លៀងដែលនាំឱ្យស្វាយមានពណ៌សម្បុរមិនសូវល្អ និងលក់បានថោក។

លោកស្រីបានឱ្យដឹងថា សម្រាប់ស្វាយកែវរមៀតខុសរដូវឆ្នាំនេះ មិនមានការធ្លាក់ថ្លៃនោះទេ។ ប៉ុន្តែព័ត៌មានដែលផ្សាយថា ស្វាយ​ធ្លាក់ថ្លៃខ្លាំងនោះ គឺដោយសារស្វាយដែលមានពណ៌សម្បុរមិនល្អ។

លោកស្រីបានបញ្ជាក់ថា «ការប្រែប្រួលអាកាសធាតុ​បំផ្លាញនូវផលដំណាំស្វាយរបស់កសិករ ធ្វើឱ្យខូចនូវសម្បុរ សំបក ហើយគាត់ត្រូវបង្ខំចិត្តលក់ បើមិនលក់ក៏ទុកគ្មានន័យ។ ដូច្នេះហើយទើបខ្ញុំបង្ខំចិត្តថា បង្កើតកន្លែងកែច្នៃស្វាយមួយ ដើម្បីជួយសម្រាលបន្ទុកដល់កសិករ»

លោកស្រីបានគូសបញ្ជាក់បន្ថែមថា ចំពោះស្វាយដែលពណ៌សម្បុរមិនស្អាតនេះ លោកស្រីនឹងយកកែច្នៃធ្វើដំណាប់ស្វាយ​ និងស្វាយបង្កកសម្រាប់នាំចេញ។ លោកស្រីនឹងទទួលទិញទូទាំងប្រទេស​ ហើយសម្រាប់កសិករដែលមានកំពុងប្រមូលផល ហើយចង់លក់អាចទាក់ទងទៅលោកស្រីបាន តាមរយៈទូរសព្ទលេខ ​០៨១​ ៣៨៦ ១៣៦។

លោកស្រីមានលទ្ធភាពប្រមូលទិញ ប្រមាណពី២០ ទៅ៥០តោនក្នុងមួយថ្ងៃ។ ប្រសិនបើម្ចាស់ចម្ការគ្មានមធ្យោបាយដឹកជញ្ជូន លោកស្រីនឹងមានមធ្យោ​បាយសម្រាប់ដឹកពីចម្ការមកដល់រោងចក្រ។ ចំណែកអ្នកដែលមានមធ្យោបាយដឹកជញ្ជូនដោយខ្លួន អាចដឹកមកកាន់ទីតាំងរោងចក្រផ្ទាល់ផងដែរ។

លោកស្រីបានឱ្យដឹងថា កន្លងមកក៏មានកសិករពីបណ្តាខេត្តផ្សេងៗ ​ដូចជាមកពីខេត្តព្រះវិហារ កំពង់ចាម មណ្ឌលគិរី កំពង់ស្ពឺ​ បានដឹកយកមកលក់ផងដែរ​៕