(វ៉ាស៊ីនតោន)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ១ភាគរយនៅថ្ងៃពុធបន្ទាប់ពីលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី ដែលជំរុញឱ្យប្រាក់ដុល្លារឡើងថ្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក ត្រាំ វ័យ ៧៨ឆ្នាំនឹងវិលចូលសេតវិមានឡើងវិញ ដោយទទួលបានសំឡេងអង្គបោះឆ្នោតច្រើនជាង ២៧០សំឡេងពោល គឺជាចំនួនដែលត្រូវការដើម្បីឈ្នះតំណែងប្រធានាធិបតី។

តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានធ្លាក់ចុះ ១ដុល្លារ ឬ ១,៣២ភាគរយមកនៅត្រឹម ៧៤,៥៣ដុល្លារក្នុងមួយបារ៉ែលនៅល្ងាចថ្ងៃពុធ ខណៈប្រេងឆៅរបស់អាមេរិកប្រភេទ West Texas Intermediate (WTI) បានធ្លាក់ចុះថ្លៃ ៩៣សេន ឬ ១,២៩ភាគរយមកនៅត្រឹម ៧១,០៦ដុល្លារក្នុងមួយបារ៉ែល។

អ្នកវិភាគឯករាជ្យអ្នកស្រី Tina Teng បាននិយាយថា ក្រៅពីការឡើងថ្លៃប្រាក់ដុល្លារដែលដាក់បន្ទុកលើតម្លៃទំនិញ ប្រធានាធិបតី ត្រាំ អាចផ្លាស់ប្តូរគោលនយោបាយនានាដែលអាចដាក់សម្ពាធបន្ថែមទៀតដល់សេដ្ឋកិច្ចចិន ដោយធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះនៅក្នុងប្រទេសនាំចូល ប្រេងឆៅលំដាប់កំពូលរបស់ពិភពលោកមួយនេះ។

ប្រាក់ដុល្លារអាមេរិកកាន់តែឡើងថ្លៃ នឹងធ្វើឱ្យទំនិញដែលជួញដូរដោយប្រាក់ដុល្លារ ដូចជាប្រេងកាន់តែថ្លៃសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។

អ្នកវិភាគមកពីក្រុមហ៊ុន UBS លោក Giovanni Staunovo បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «តំណែងប្រធានាធិបតីរបស់លោក ត្រាំ មានសញ្ញាធ្លាក់ចុះ»។ លោកបានមានប្រសាសន៍ថា៖ «ពន្ធនឹងមានភាពអវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ច និងកំណើនតម្រូវការប្រេង»។

ទោះយ៉ាងណា លោក Staunovo បានបន្ថែមថា លោក Trump អាចដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់ និងវេណេស៊ុយអេឡា ដែលនឹងដកទិន្នផលប្រេងចេញពីទីផ្សារ ដែលនឹងមានការឡើងថ្លៃវិញ។ អ៊ីរ៉ង់នាំចេញប្រេងប្រហែល ១,៣លានបារ៉ែលក្នុងមួយថ្ងៃ៕