(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ នឹងវិលត្រឡប់ទៅកាន់សេតវិមានវិញ ហើយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក អាចនឹងស្ថិតក្នុងស្ថានភាពផ្លាស់ប្តូរខ្លាំងណាមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

អតីតប្រធានាធិបតីដែលនឹងឡើងកាន់តំណែង ជាប្រធានាធិបីថ្មីក្នុងពេលឆាប់ៗខាងមុខនេះ បានសន្យាថានឹងដំឡើងពន្ធលើទំនិញនាំចូល ទៅកាន់សហរដ្ឋអាមេរិកទាំងអស់ និងអនុវត្តការបណ្តេញចេញជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ គាត់ក៏ចង់មានសំឡេងនៅក្នុងគោលនយោបាយ របស់ធនាគារកណ្តាលអាមេរិកផងដែរ។

យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា សេដ្ឋវិទូជាច្រើនគិតថា វិធានការទាំងនេះនឹងបង្កឱ្យអតិផរណាកើនឡើងកាន់តែខ្ពស់ និងកំណើនសេដ្ឋកិច្ចកាន់តែថមថយនៅពេលខាងមុខ។

លោក ត្រាំ ក៏បានសន្យាថានឹងកាត់បន្ថយពន្ធផងដែរ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតដែលបានបញ្ចប់ដោយជោគជ័យ ទៅលើអនុប្រធានាធិបតីអ្នកស្រី ខាមេឡា ហារីស។ សមត្ថភាពរបស់គាត់ក្នុងការអនុវត្តការវិធានការ ដែលបានសន្យាទាំងអស់នោះនឹងអាស្រ័យលើលទ្ធផលបោះឆ្នោតសភា ដែលនៅតែស្ថិតក្នុងមន្ទិលសង្ស័យ ទោះបីជាគណបក្សសាធារណរដ្ឋបានឈ្នះការគ្រប់គ្រងព្រឹទ្ធសភាក៏ដោយ។ រដ្ឋាភិបាលដែលបែកបាក់គ្នាចាំបាច់ត្រូវការប្រធានាធិបតីថ្មី ចរចាកាន់តែខ្លាំងក្លាជាមួយសភាជុំវិញ គោលនយោបាយសារពើពន្ធ។

អ្នកវិភាគបាននិយាយថា ទោះបីជាយ៉ាងណា វាគឺជាពន្ធរបស់លោក ត្រាំ ដែលលោកបានគំរាមថានឹងដកហូតទៅលើប្រទេសជាសត្រូវ និងប្រទេសសម្ព័ន្ធមិត្ត ដែលវាមានផលប៉ះពាល់ខ្លាំងបំផុតលើសេដ្ឋកិច្ចអាមេរិក។ លោក ត្រាំ ដែលបានប្រកាស់ហៅខ្លួនឯងថាជា «បុរសពន្ធគយ» បានអនុម័តពន្ធគយលើទំនិញនាំចូលក្នុងតម្លៃប្រហែល ៣៨០ពាន់លានដុល្លារនៅក្នុងអាណត្តិដំបូងរបស់គាត់។ ឥឡូវនេះ គាត់បានសន្យាថានឹងមានវិធានការកាន់តែទូលំទូលាយ រួមទាំងការដកហូតពន្ធគយក្នុងអត្រាពី ១០% ទៅ ២០% លើទំនិញនាំចូលអាមេរិកទាំងអស់ និង ៦០% លើទំនិញរបស់ប្រទេសចិន។

លោក ត្រាំ បាននិយាយថា ពន្ធនាំចូលអាចជួយបង្កើនប្រាក់ចំណូល និងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងបង្កើនផលិតកម្មឡើងវិញ។ លើសពីនេះទៀត ដូចដែលលោក ត្រាំ បានបង្ហាញកាលពីលើកមុនក្នុងពេលកាន់តំណែង ប្រធានាធិបតីអាចសម្រេចចិត្តតែម្នាក់ឯងបានក្នុងការអនុវត្តការដកហូតពន្ធគយ។

លោក Mark Zandi ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន Moody's Analytics បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «គាត់នឹងចាប់ផ្តើមនិងដំណើរការដោយរលូន»។ លោកបានបន្ថែមថា៖ «ខ្ញុំគិតថា គោលនយោបាយទាំងនេះនឹងដំណើរការយ៉ាងឆាប់រហ័ស ហើយវានឹងមានឥទ្ធិពលភ្លាមៗ»

សេដ្ឋវិទូភាគច្រើននិយាយថា អតិផរណានឹងកើនឡើងដោយសារតែគោលនយោបាយទាំងនេះ ដោយសារតែអ្នកប្រើប្រាស់នឹងត្រូវចំណាយខ្ពស់ជាងមុនទៅលើថ្លៃពន្ធគយដែលត្រូវបានដំឡើងដោយលោក ត្រាំ។

ក្រុមហ៊ុន Moody's បានឱ្យដឹងមុនពេលបោះឆ្នោតថា បើលោក ត្រាំ ក្លាយជាប្រធានាធិបតី អតិផរណានឹងកើនឡើងដល់យ៉ាងហោចណាស់ ៣% នៅឆ្នាំក្រោយ និងខ្ពស់ជាងនេះនៅក្នុងករណីដែលគណបក្សសាធារណរដ្ឋទទួលបានអំណាចក្នុងសភា ធៀបនឹង ២,៤% នៅក្នុងខែកញ្ញា ដោយសារការដំឡើងពន្ធគយនិងលំហូរចេញពលកម្មអន្តោប្រវេសន៍។

សេដ្ឋវិទូ Jay Bryson បម្រើការនៅក្រុមហ៊ុន Wells Fargo បានថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី១៦ ខែតុលាថា ប្រសិនបើប្រទេសផ្សេងគេចាត់វិធានការសងសឹកវិញ ហើយសង្រ្គាមពាណិជ្ជកម្មនឹងកើតឡើងនោះ សហរដ្ឋអាមេរិកនឹងប្រឈមមុខបញ្ហាខ្លះដែរ ពោលគឺជាស្ថានភាពមួយដែលសេដ្ឋកិច្ចអាមេរិកនឹងនៅទ្រឹង ហើយសម្ពាធតម្លៃកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕