(ហ្សាការតា)៖ ទិន្នន័យពីការិយាល័យស្ថិតិឥណ្ឌូណេស៊ី បានបង្ហាញកាលពីថ្ងៃអង្គារថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងត្រីមាសទី៣ បានកើនឡើង ៥,៩៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការប្រើប្រាស់របស់គ្រួសារបានថមថយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លទ្ធផលសេដ្ឋកិច្ចនៅត្រីមាសទីបី មានកម្រិតទាបជាងកំណើនរំពឹងទុកប្រចាំឆ្នាំ ៥ភាគរយដែលព្យាករដោយអ្នកវិភាគ ក្នុងការស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ហើយធៀបនឹងការកំណើន ៥,០៥ភាគរយនៅក្នុងត្រីមាសទីពីរ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៤ ដែលជាកំណើនមិនទាន់ មានការកែតម្រូវតាមរដូវកាល កំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទី៣ នេះ បានកើនឡើងតែ ១,៥ភាគរយប៉ុណ្ណោះ ខណៈដែលការព្យាករថាមាន ១,៥៩ភាគរយ។
អ្នកស្រី Amalia Widyasanti ប្រធានស្តីទីនៃនៃការិយាល័យស្ថិតិរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការប្រើប្រាស់របស់គ្រួសារក្នុងប្រទេសឥណ្ឌូណេស៊ី ដែលស្មើនឹងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស បានកើនឡើង ៤,៩១ភាគរយនៃអត្រាប្រចាំនៅក្នុងត្រីមាសទី៣ ធៀបនឹងកំណើននៅត្រីមាសទី២ ដែលមាន ៤,៩៣ភាគរយក្នុងគ្រាដែលមានការចំណាយយឺត សម្រាប់ទំនិញដូចជាសម្លៀកបំពាក់ និងលំនៅឋានជាដើម។
អ្នកស្រីបានបន្ថែមថា ការវិនិយោគបានកើនឡើង ៥,១៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាល្បឿនលឿនបំផុតរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំ ដែលគាំទ្រដោយការវិនិយោគនៅក្នុងរដ្ឋធានីថ្មី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ការចំណាយរបស់រដ្ឋាភិបាល និងការនាំចេញក៏បានកើនឡើងបន្ថែមទៀតផងដែរ។
លោក Radhika Rao សេដ្ឋវិទូមកពីធនាគារ DBS Bank បាននិយាយថា៖ «តួលេខកំណើនក្នុងត្រីមាសទីបីបានឆ្លើយតបការរំពឹងទុករបស់យើង ដោយសារកំណើនវិនិយោគនិងការកើនឡើងការនាំចេញបានប៉ះប៉ូវការថមថយការប្រើប្រាស់គ្រួសារ»៕