(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូផ្សារមូលបត្រកូរ៉េ ដែលដឹកនាំដោយលោក Jeong Eun Bo ប្រធានអគ្គនាយកនៃផ្សារមូលបត្រកូរ៉េ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្វាគមន៍គណៈប្រតិភូផ្សារមូលបត្រកូរ៉េ ដែលបានមកជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាពិសេស សិក្សាស្វែងយល់អំពីលទ្ធភាពក្នុងការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងផ្សារមូលបត្រទាំង២ (ផ្សារមូលបត្រកម្ពុជា និង ផ្សារមូលបត្រកូរ៉េ)។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ, បណ្ឌិតសភាចារ្យបានជម្រាបជូនគណៈប្រតិភូផ្សារមូលបត្រកូរ៉េ អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវឌ្ឍនភាពនៃវិស័យមូលបត្រនៅកម្ពុជា, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាកាលានុវត្តភាពសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស ជាពិសេស ការលើកទឹកចិត្តពន្ធដារ និងការលើកទឹកចិត្តផ្សេងៗ ក្នុងវិស័យមូលបត្រ ។
ជាមួយគ្នានេះ, បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចអំពីសារៈសំខាន់នៃភាពជាដៃគូយូរអង្វែងក្នុងផ្សារមូលបត្រកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ។
លោក Jeong Eun Bo បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដែលបានទទួលជួបគណៈប្រតិភូផ្សារមូលបត្រកូរ៉េ ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងពិនិត្យពិភាក្សា អំពីលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងផ្សារមូលបត្រទាំង ២ ឱ្យកាន់តែឈានឡើងខ្ពស់មួយកម្រិតទៀត ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលមុំទី ៥ នៃកោណទី ២ ផ្តោតសំខាន់លើការអភិវឌ្ឍយន្តការ កៀគរទុន និង ផលិតផលហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការបណ្តាក់ទុន។
ក្នុងន័យនេះ, កិច្ចសហប្រតិបត្តិការ និងការវិនិយោគពីបរទេស ក្នុងវិស័យមូលបត្រ ជាពិសេសការអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ពិតជាមានភាពចាំបាច់ណាស់ ក្នុងការពន្លឿនការងារអភិវឌ្ឍឧបករណ៍ជួញដូរ ក៏ដូចជាយន្តការជួញដូរថ្មីៗ ដែលនឹងផ្តល់ភាពទាក់ទាញបន្ថែមទៀត ចំពោះវិនិយោគិនក្នុងស្រុក និងបរទេស សំដៅបង្កើនសន្ទនីយភាព, ទំហំជួញដូរមូលបត្រ និងចំនួនក្រុមហ៊ុនចុះបញ្ជី ក្នុងទិសដៅអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ន, ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ២៧ ដែលរួមមាន ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន ១១ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ១៦ព្រមទាំង ការចុះបញ្ជីព័ត៌មានមូលបត្ររដ្ឋ, ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃប្រមាណ ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ និងចំនួនគណនីជួញដូរជិត ៦ម៉ឺនគណនី។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្នើឱ្យផ្សារមូលបត្រកូរ៉េ ផ្តល់អាទិភាពខ្ពស់ លើការសិក្សាលទ្ធភាពក្នុងការពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការ រវាងផ្សារមូលបត្រទាំង២ ព្រមទាំងជំរុញឱ្យផ្សារមូលបត្រកូរ៉េ ជួយទាក់ទាញវិនិយោគិន និងក្រុមហ៊ុនកូរ៉េ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យមូលបត្រ វិស័យឧស្សាហកម្ម និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ។
លោក Jeong Eun Bo បានបញ្ជាក់អំពីគោលជំហររបស់ផ្សារមូលបត្រកូរ៉េ ក្នុងការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ រវាងផ្សារមូលបត្រទាំង ២ ឱ្យកាន់តែឈានឡើងខ្ពស់មួយកម្រិតទៀត ជាពិសេស ឆន្ទៈបស់ផ្សារមូលបត្រកូរ៉េ ក្នុងការចូលរួមអភិវឌ្ឍ និង ធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា របស់ផ្សារមូលបត្រកម្ពុជា។
ជាមួយគ្នានេះ, លោកបានសន្យានឹងជួយទាក់ទាញវិនិយោគិន និងក្រុមហ៊ុនកូរ៉េ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលមានបរិយាកាសវិនិយោគ ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់វិនិយោគិន ជាពិសេស វិនិយោគិនបរទេស ៕