(ភ្នំពេញ)៖ គ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន១៣២ ដែលជាសមាជិក​របស់សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា ​បានផ្តល់ឥណទានសរុបចំនួន ៥.១១ពាន់លានដុល្លារដល់អតិថិជនប្រមាណ ១.៥៥លានគណនី។ នេះបើតាម លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា។

ថ្លែងទៅកាន់អ្នកចូលរួមជាង ៣០០នាក់ នៅក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ​ដែលរៀបចំឡើង​ក្រោមប្រធានបទ «និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ៖ បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ» នៅ​សៀមរាប នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ឌិត នីតា បានលើកឡើងថា គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកទាំង១៣២ របស់សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានដើរតួនាទីដ៏ចាំបាច់​ ដោយបានផ្តល់ឥណទានសរុបចំនួន ៥.១១ពាន់លានដុល្លារដល់អតិថិជន ១.៥៥លានគណនី និងទទួលប្រាក់បញ្ញើ ២.២១ប៊ីលានដុល្លាពីអតិថិជនជិត ២លានគណនី ក្នុងនោះមាន ៦៧% ជាស្ត្រី។ កិច្ចខិតខំប្រឹងប្រែងដែលកើតចេញពីការប្តេជ្ញាចិត្តនេះ មិនត្រឹមតែផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដល់ប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតការងារក្នុងស្រុកដោយផ្ទាល់ចំនួន ២១.០០០នាក់ ដែលកំពុងបម្រើការងារតាមការិយាល័យចំនួន៩០០។

លោកស្រីមានប្រសាសន៍ថា​ «និរន្តភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុមិនមែនគ្រាន់តែជាគោលដៅប៉ុណ្ណោះទេ តែជាកត្តាចាំបាច់មិនអាចខ្វះបាន។ យើងកំពុងធ្វើការងាររួមគ្នា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ សមភាពសង្គមកាន់តែប្រសើរ និងប្រព័ន្ធហិរញ្ញវត្ថុ ដែលបម្រើប្រជាជនគ្រប់ៗរូប»

លោកស្រីក៏បានរំលេចផងដែរនូវការប្តេជ្ញា របស់សមាគមក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជននៅទូទាំងសហគមន៍ជនបទ និងសហគមន៍ខ្វះខាត ដែលមានប្រមាណ ៧៤.៤% នៃចំនួនប្រជាជនកម្ពុជា។

ផ្នែកដ៏សំខានមួយទៀតនៃសន្និសីទនៅឆ្នាំនេះ គឺការរំលេចប្រព័ន្ធទូទាត់បាគង ដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០២០។ បច្ចុប្បន្នបាគងមានអ្នកប្រើប្រាស់ ជាប្រចាំចំនួន ១០លានគណនី ដោយបានភ្ជាប់សេវាហិរញ្ញវត្ថុបែបប្រពៃណី ទៅនឹងប្រជាជនដែលមិនទានមានគណនីធនាគារ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ដែលមានល្បឿនលឿននិងតម្លៃថោក។ ប្រព័ន្ធទូទាត់នេះទទួលបានការសាទរជាអន្តរជាតិ ដោយសារការពន្លឿនបរិយាបន្នហិរញ្ញវត្ថុ ហើយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារជាតិនៃកម្ពុជា ចំពោះភាពជាអ្នកដឹកនាំ ក្នុងការគាំទ្រដល់ដំណើរវិវឌ្ឍឆ្ពោះទៅរកភាពធន់នៃសេដ្ឋកិច្ច និងការលើកកម្ពស់អតិថិជន។

ខណៈពេលដែលការលើកកម្ពស់សិទ្ធិនិងកិច្ចការពារអតិថិជននៅតែជាបេសកកម្មចម្បងរបស់ខ្លួន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏កំពុងជំរុញហិរញ្ញវត្ថុបៃតងផងដែរស្របតាមនិន្នាការសកល ដោយផ្តោតលើនិរន្តរភាពបរិស្ថាន។ សមាគមក៏កំពុងសហការជាមួយអង្គការ Oxfam ក្នុងការលើកកម្ពស់ហិរញ្ញវត្ថុបៃតង និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ Water.org ក្នុងការផ្តល់ជំនួយបច្ចេកទេសដើម្បីអភិវឌ្ឍផលិតទឹកស្អាត និង អនាម័យក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុ។

លោកស្រី ឌិត នីតា មានប្រសាសន៍ថា៖ «យើងលើកទឹកចិត្តគ្រឹះស្ថានជាសមាជិករបស់យើង ឱ្យចាត់ទុកហិរញ្ញវត្ថុបៃតងថាជាកត្តាចាំបាច់ ដើម្បីឈានទៅរកនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងបរិស្ថាន»។ គំនិតផ្តួចផ្តើមទាំងនេះ គាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពសកល រួមមានការទទួលបានទឹកស្អាត និងសកម្មភាពបរិស្ថាន។

តាមរយៈសន្និសីទពេញមួយថ្ងៃនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កត់ធ្ងន់លើភាពចាំបាច់នៃចំណេះដឹងហិរញ្ញវត្ថុអតិថិជន ការកសាងសមត្ថភាពគ្រឹះស្ថាន និងការប្រកាន់ខ្ជាប់នូវក្រមប្រតិបត្តិវិជ្ជាជីវៈតឹងរឹង ដើម្បីបង្កើតបានវិស័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងភាពធន់។ សន្និសីទបានអំពាវនាវឱ្យបន្តរួមសហប្រតិបត្តិគ្នា ប្រកបដោយសិទ្ធភាពក្នុងការជំរុញនិរន្តរភាពនិងបរិយាបន្នហិរញ្ញវត្ថុ ស្របតាមតម្រូវការប្រទេសកម្ពុជា និងអាទិភាពសកល៕