(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃសុក្របានទម្លាក់ការព្យាកររបស់ខ្លួនពីកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ខណៈការនាំចេញទាបប៉ះពាល់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដែលផុយស្រួយរបស់ប្រទេសមហាអំណាចមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការិយាល័យខុទ្ទកាល័យនៃរដ្ឋាភិបាលជប៉ុនបានកាត់បន្ថយការព្យាករកំណើនផលិតផលក្នុងស្រុកសរុបដែលត្រូវបានកែតម្រូវអតិផរណាសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នដែលបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៥ មកត្រឹម ០,៧ភាគរយពីអត្រា ០,៩ភាគរយដែលបានព្យាករកាលពីខែកក្កដា។
ការទម្លាក់ការព្យាករចុងក្រោយនេះធ្វើឡើងបន្ទាប់ពីបានទម្លាក់ស្រដៀងគ្នានេះដែរសម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចកាលពីខែកក្កដា។ ទោះជាយ៉ាងណា អត្រានេះមានកម្រិតខ្ពស់ជាងការព្យាកររបស់វិស័យឯកជនដែលថា សេដ្ឋកិច្ចជប៉ុននឹងកើនឡើងត្រឹមតែ ០,៥ភាគរយ។ ការព្យាករពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ត្រូវបានរក្សានៅដដែលគឺ ១,២ភាគរយ។
រដ្ឋាភិបាលជប៉ុបចេញផ្សាយការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងខែមករា ហើយបន្ទាប់មកបានកែប្រែការព្យាករនោះវិញនៅខែកក្កដា។ ទោះជាយ៉ាងណា ការកែប្រែការព្យាករក្នុងពេលនេះនៅឆ្នាំនេះគឺជាការកើតមានកម្រ និងបង្ហាញពីសម្ពាធដែលកំពុងកើនឡើងលើសេដ្ឋកិច្ចដោយសារការធ្លាក់ចុះតម្រូវការពិភពលោក និងការប្រើប្រាស់ក្នុងស្រុកដែលផុយស្រួយ៕