(តូក្យូ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងកាលពីថ្ងៃសុក្រថា ហានិភ័យចំពោះសេដ្ឋកិច្ចរបស់តំបន់អាស៊ីបានកើនឡើងដោយសារការកើនឡើងភាពតានតឹងពាណិជ្ជកម្ម វិបត្តិអចលនទ្រព្យនៅប្រទេសចិន និងភាពអាចកើតមានភាពចលាចលទីផ្សារបន្ថែមទៀត។

យោងតាមសចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ មូលនិធិ IMF បានឱ្យដឹងថា សម្ពាធតម្លៃធ្លាក់ចុះជាបន្តបន្ទាប់ពីប្រទេសចិនអាច «បង្កភាពតានតឹងផ្នែកពាណិជ្ជកម្ម» ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យនានានៅក្នុងប្រទេសជិតខាងរបស់ប្រទេសចិនដែលមានរចនាសម្ព័ន្ធនាំចេញស្រដៀងគ្នា ដែលជំរុញឱ្យទីក្រុងប៉េកាំងចាត់វិធានការដើម្បីសម្រេចបាននូវការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួនដែលពឹងផ្អែកលើតម្រូវការនាំចេញ។

មូលនិធិ IMF បានឱ្យដឹងនៅក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចប្រចាំតំបន់របស់ខ្លួនសម្រាប់ទ្វីបអាស៊ីថា៖ «ការថមថយកំណើនសេដ្ឋកិច្ចកាន់តែយូរនិងខ្លាំងជាងការរំពឹងទុកនៅក្នុងប្រទេសចិននឹងមានគ្រោះថ្នាក់សម្រាប់ទាំងតំបន់ និងសេដ្ឋកិច្ចពិភពលោក»

មូលនិធិ IMF បាននិយាយថា៖ «ការឆ្លើយតបគោលនយោបាយរបស់ប្រទេសចិនមានសារៈសំខាន់នៅក្នុងបរិបទនេះ» ដោយអំពាវនាវឱ្យមានការដាក់ចេញវិធាននានាដើម្បីជួយសម្រួលដល់ការកែសម្រួលវិស័យអចលនទ្រព្យ និងពង្រឹងការប្រើប្រាស់ឯកជន។

ក្នុងការព្យាករចុងក្រោយរបស់ខ្លួន មូលនិធិ IMF រំពឹងថា សេដ្ឋកិច្ចរបស់អាស៊ីនឹងកើនឡើង ៤,៦ភាគរយនៅឆ្នាំ ២០២៤ និង ៤,៤ភាគរយនៅឆ្នាំ២០២៥ ហើយការដាក់ចេញគោលនយោបាយរូបិយវត្ថុដែលធូររលុងនៅទូទាំងពិភពលោកត្រូវបានគេមើលឃើញថានឹងជួយជំរុញតម្រូវការឯកជននៅឆ្នាំក្រោយ។

មូលនិធិ IMF បានបន្ថែមថា ហានិភ័យ «មានទំនោរទៅរកការធ្លាក់ចុះ» ខណៈដែលវិធានការរឹតបន្តឹងរូបិយវត្ថុកន្លងមក និងភាពតានតឹងភូមិសាស្ត្រនយោបាយអាចប៉ះពាល់ដល់តម្រូវការសកល បង្កើនការចំណាយលើការធ្វើពាណិជ្ជកម្ម និងប៉ះពាល់ដល់ទីផ្សារ។

IMF បានបន្តថា «ហានិភ័យស្រួចស្រាលគឺជាការកើនឡើងពន្ធសងសឹកទៅវិញទៅមករវាងដៃគូពាណិជ្ជកម្មសំខាន់ៗ» ដែលនឹងធ្វើឱ្យមានការបែកបាក់ពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។

IMF បានឱ្យដឹងទៀតថា ភាពច្របូកច្របល់ទីផ្សារនាពេលថ្មីៗនេះក៏អាចបង្ហាញពីភាពប្រែប្រួលនាពេលអនាគតផងដែរដោយសារតម្លៃទីផ្សារដោយសារការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតរបស់ធនាគារកណ្តាលអាមេរិក និងការដំឡើងអត្រាការប្រាក់បន្តិចម្តងៗរបស់ធនាគារកណ្តាលជប៉ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕